ហេតុការណ៌ផ្ទុះដ៏កក្រើកនៅលីបង់យ៉ាងហោ​ចណាស់មនុស្ស៧៨នាក់ បានស្លាប់ ខណៈមានអ្នករងរបួសជិត៤ ០០០នាក់

(បរទេស)៖ នាយប់ថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០ មានហេតុការណ៍ផ្ទុះដ៏កក្រើកមួយបានកើតឡើងនៅរដ្ឋធានី Beirut របស់ប្រទេសលីបង់ បណ្តាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់៧៨នាក់ និងអ្នករងរបួសធ្ងន់ ស្រាលចំនួន៤ ០០០នាក់ ព្រមទាំងធ្វើឲ្យមានការខូចខាតហេដ្ឋារចនាសម្ពន្ធ័យ៉ាងខ្លាំង, នេះបើយោងតាមសារព័ត៌មាន CNN ។

រដ្ឋមន្ត្រីសុខាភិបាលលោក Hamad Hassan បានប្រាប់ឲ្យដឹងថា មានមនុស្សជាច្រើនបានបាត់ខ្លួនរហូតមកដល់ពេលនេះ។ ប្រជាជនកំពុងសួរទៅផ្នែកសង្គ្រោះបន្ទាន់អំពីមនុស្សជាទីស្រឡាញ់របស់ពួកគេ ហើយវាពិបាកក្នុងការស្វែងរកនៅពេលយប់ពីព្រោះមិនមានអគ្គិសនី។ យើងកំពុងប្រឈមមុខនឹងគ្រោះមហន្តរាយពិតហើយត្រូវការពេលវេលាដើម្បីវាយតម្លៃពីទំហំនៃការខូចខាត។

មូលហេតុដែលបណ្តាលឲ្យមានការផ្ទុះ នៅមិនទាន់ដឹងនៅឡើយនោះទេ។ រដ្ឋាភិបាលលីបង់ក៏មិនទាន់បានចេញផ្សាយជាផ្លូវការ ពាក់ព័ន្ធនឹងចំនួនអ្នករងរបួស ឬក៏ទំហំនៃការខូចខាតនោះដែរ។

ហេតុការណ៍ផ្ទុះឡើងនាពេលរសៀលនេះ (ពេលវេលានៅលីបង់) បានធ្វើឲ្យរញ្ជួយដល់ផ្នែកជាច្រើន នៃរដ្ឋធានីរបស់លីបង់ ហើយបានហុយផ្សែងយ៉ាងខ្លាំងនៅកណ្តាលទីក្រុង។

ហេតុការណ៍ផ្ទុះនេះបានកើតឡើង នៅកណ្តាលទីក្រុង នៅជុំវិញកំពង់ផែទីក្រុង Beirut ហើយបណ្តាលឲ្យខូចខាតទំហំយ៉ាងធំ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds