វៀតណាម ថា ការរកប្រភពចម្លង COVID-19 លើកទី២វា ពិបាក ខណៈអ្នកស្លាប់កើនដល់៦ នាក់
វៀតណាម៖ ការតាមរកប្រភពនៃការផ្ទុះឡើងជំងឺ COVID-19 នៅទីក្រុងដាណាង និងបង្កឲ្យមានមនុស្សឆ្លងជាង ២០០នាក់ក្នុងពេលថ្មីៗនេះ គឺមានការលំបាក។ នេះបើយោងអាជ្ញាធរវៀតណាម បានលើកឡើងកាលពីថ្ងៃទី២ ខែសីហានេះ
រដ្ឋាភិបាលវៀតណាម ថា ក្នុងទីក្រុងដាណាង ដែលមានប្រជាជនរហូតដល់ជាង១លាននាក់នោះ គឺប្រភពនៃការចម្លង និងក៏មានការឆ្លងក្នុងសហគមន៍ក៏ច្រើនដែរ។ ការផ្ទុះឡើងជាលើកទី២នេះ មនុស្សដែលឆ្លងជំងឺនេះម្នាក់ អាចចម្លងបន្តទៅកាន់មនុស្ស ៥ទៅ៦នាក់ បើប្រៀបធៀបទៅនឹងការផ្ទុះឡើងលើកដំបូង គឺចម្លងទៅកាន់មនុស្ស ១ ទៅ២នាក់ប៉ុណ្ណោះ ដែលនេះធ្វើឲ្យអាជ្ញាធរពិបាកក្នុងការរកប្រភពនៃការចម្លង។
អាជ្ញាធរបានចាត់វិធានការណ៍ដើម្បីទប់ស្កាត់ការឆ្លងនៅទីក្រុង ដោយឲ្យសិស្សសាលា ទាហានរាប់រយនាក់ ជួយតាមដានការប៉ះពាល់ជាមួយអ្នកឆ្លង និងប្រមូលសំណាក ហើយកាលពីថ្ងៃទី១ ខែសីហា អាជ្ញាធរបានលើកឡើងទៀតថា ពួកគេមានគម្រោងធ្វើតេស្ដរកជំងឺ COVID-19 លើប្រជាជនទាំង ១,១លាននាក់ ក្នុងទីក្រុងដាណាង។
ក្រោយពីមានអ្នកឆ្លង COVID-19 នៅទីក្រុងដាណាង និងបានត្រលប់ទៅទីក្រុងហាណូយវិញ អាជ្ញាធរ បានប្រកាសឲ្យពាក់ម៉ាសនៅទីសាធារណៈ និងអាជីវកម្មផ្សេងៗត្រូវសម្អាត និងសម្លាប់មេរោគ ហើយត្រូវពិនិត្យសីតុណ្ហភាពបុគ្គលិកទាំងអស់។ ចំណែកឯផ្សារទំនើបគួរកំណត់ចំនួនមនុស្សក្នុងការចូល។ អាជ្ញាធរ ក៏បានណែនាំឲ្យឱសថស្ថានផ្តល់ដំណឹងនៅពេលមានអ្នកទិញថ្នាំសម្រាប់ផ្ដាសាយ គ្រុនក្ដៅ និងក្អក។
វេជ្ជបណ្ឌិត Kidong Park អ្នកតំណាងអង្គការសុខភាពពិភពលោកនៅវៀតណាម បានប្រាប់សារព័ត៌មាន Reuters ថា ប្រទេសវៀតណាមបានត្រៀមរួចរាល់សម្រាប់ការឆ្លងក្នុងសហគមន៍ក្រោយពីការរាយការណ៍ករណីឆ្លងដំបូងនៅខែមករា។
រដ្ឋាភិបាល ក៏បានប្ដេជ្ញាថានឹងការពារប្រជាជនខ្លួនពីជំងឺ COVID-19 ដោយរក្សាតួលេខឆ្លងឲ្យមានចំនួនតិច និងគ្រប់គ្រងការឆ្លងក្នុងសហគមន៍។ គិតមកដល់ថ្ងៃនេះ ប្រទេសវៀតណាមមានករណីឆ្លងសរុប ៦២១ករណី ក្នុងនោះអ្នកជាសះស្បើយ ៣៧៣នាក់ និងអ្នកស្លាប់៦នាក់៕