កម្ពុជារកឃើញអ្នកកើតកូវីដ១៩ ចំនួន៥នាក់ទៀតហើយដែលមានជនជាតិឥណ្ឌូនេស៊ី០១នាក់
(ភ្នំពេញ) ៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៥នាក់ទៀត ដែលសុទ្ធសឹងជាករណីនាំចូល ។
ក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា អ្នករកឃើញឆ្លងជំងឺកូវីដ១៩ថ្មីនេះ មានម្នាក់ជាបុរសជនជាតិឥណ្ឌូនេស៊ី និង៤នាក់ទៀតជាបុរសជនជាតិខ្មែរ ដែលត្រឡប់មកពីប្រទេសប៉ាគីស្ថាន ។ ក្រសួងបានបន្តថា បុរសជនជាតិឥណ្ឌូនេស៊ីអាយុ ១៨ឆ្នាំ មានអាស័យដ្ឋាននៅភូមិ២ មិត្តភាព ខេត្តព្រះសីហនុ ទទួលបានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ។ បុរសរូបនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី បានមកដល់កម្ពុជា នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដែលមានអ្នកដំណើរសរុបចំនួន១២១នាក់ ក្នុងនោះមាន ជនជាតិខ្មែរ៨១នាក់ ជនជាតិម៉ាឡេស៊ី ១៤នាក់ ស្ត្រីជនជាតិវៀតណាម ០១នាក់ បុរសជនជាតិចិន០២នាក់ ជនជាតិអូស្ត្រាលី ០៤នាក់ (ស្ត្រី០២នាក់) និងជនជាតិឥណ្ឌូណេស៊ី ១៩នាក់ (ស្រី០១នាក់) ដែលពួកគាត់ទាំង ១៩នាក់នេះជា អ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ីបន្តជើងហោះហើរ នៅប្រទេសម៉ាឡេស៊ីមកកាន់ប្រទេសកម្ពុជា។
សូមជម្រាបថា គិតត្រឹមម៉ោង០៧ ៖០០ព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប២៣៩នាក់ (ស្ត្រី៤៦នាក់ និងបុរស ១៩៣នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១៦៤នាក់ (ស្រី៤២នាក់ និងបុរស១២២នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៧៣នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា មាន២នាក់ ៕