លោក ពេជ្រ ស្រស់ ស្នើដល់រដ្ឋាភិបាលកម្ពុជា សុំចាត់វិធានការឲ្យតឹងរឹង និងច្បាស់លាស់បន្ទាន់មួយ ជុំវិញ កងទ័ពវៀតណាម បោះតង់តាមព្រំដែនកម្ពុជា
(ភ្នំពេញ)៖ជាថ្មីម្តងទៀតប្រមុខគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ស្នើដល់រដ្ឋាភិបាលកម្ពុជា សុំចាត់វិធានការឲ្យតឹងរឹង និងច្បាស់លាស់បន្ទាន់មួយ ជុំវិញ កងទ័ពវៀតណាម បោះតង់តាមព្រំដែនកម្ពុជាដែលមិនព្រមរើចេញដើម្បីធានាឲ្យបានថាប្រទេសកម្ពុជាមានអធិបតេយ្យនិងឯករាជ្យគឺគ្មានប្រទេសណាមរំលោភបំពានបានឡើយ។
ការស្នើនេះបន្ទាប់ពី លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាបានចាត់ទុកបញ្ហាបោះតង់របស់ទាហានវៀតណាម លើដីខ្មែរថាជារឿងតូចតាច ។
សរសររតាមទំព័រហ្វេសបុកនាព្រឹកថ្ងៃទី31 កក្កដានេះលោកពេជ្រ ស្រស់ បានលើកឡើងថា បញ្ហាជនបរទេសឈ្លានពានទឹកដីប្រទេសកម្ពុជាឬក៏មានបំណងរំលោភបំពានបូរណភាព ទឹកដីកម្ពុជាគឺក្រុមអ្នកនយោបាយរបស់ គណបក្សយុវជនកម្ពុជាទាំងអស់មិនចាត់ទុកថាជារឿងតូចតាចនោះឡើយ។
លោកថា ពួកយើងបានដាក់ក្តីបារម្មណ៍នៅជុំវិញបញ្ហាព្រំដែន
កម្ពុជា-វៀតណាម គឺពួកយើងខ្លាចកម្ពុជាយើងដើរជាន់ដានប្រវត្តិសាស្រ្តដោយប្រទេសកម្ពុជាតែងតែ ចាញ់កលរបស់អ្នកនយោបាយ ជនជាតិវៀតណាមហើយប្រទេសកម្ពុជាយើងគឺតែងតែបាត់បង់ទឹកដី។
លោកបន្ថែមថា ក្នុងន័យនេះ គឺយើងខ្ញុំសូមប្រកាសប្រឆាំងដាច់ខាតចំពោះសកម្មភាពទាហានវៀតណាមដែលកំពុងតែ
បោះតង់នៅចំណុចមិនទាន់វិនិឆ្ឆ័យដាច់ស្រេចតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ហើយពួកយើងខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្កា លើរដ្ឋាភិបាលវៀតណាមដែលបានបញ្ជូនពួកកងទ័ពមកបង្ករភាព រំលោភបំពានទឹកដី មិនទាន់វិនិឆ្ឆ័យដាច់ស្រេចទ្វេរភាគីរវាងប្រទេសកម្ពុជា-វៀតណាមតាព្រំដែន។
បើតាមលោកពេជ្រស្រស់ បន្តថា ជាថ្មីម្តងទៀត យើងខ្ញុំជាក្រុមអ្នកនយោបាយរបស់គណបក្សយុវជនកម្ពុជា គឺសូមស្នើដល់រដ្ឋាភិបាលកម្ពុជា សុំចាត់វិធានការឲ្យតឹងរឹង និងច្បាស់លាស់
បន្ទាន់មួយ ជុំវិញ កងទ័ពវៀតណាម បោះតង់តាមព្រំដែនកម្ពុជាដែលមិនព្រមរើចេញដើម្បីធានាឲ្យបានថាប្រទេសកម្ពុជាមានអធិបតេយ្យនិងឯករាជ្យគឺគ្មានប្រទេសណាមរំលោភបំពានបានឡើយ។