តុលាការសម្រេចផ្តន្ទាទោសអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឱ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ និងពិន័យជាប្រាក់ ២១០លានរីងហ្គីត
(ម៉ាឡេស៊ី)៖ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក ណាជីប រ៉ាសាក់ (Najib Razak) ត្រូវតុលាការម៉ាឡេស៊ី នៅថ្ងៃអង្គារ បានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំនិងពិន័យជាប្រាក់ ២១០លានរីងហ្គីត ស្មើនឹង៤៩,៤០ លានដុល្លារអាមេរិក ពីបទរំលោភអំណាចដែលពាក់ព័ន្ធ នឹងរឿងអាស្រូវហិរញ្ញវត្ថុដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារលើមូលនិធិរដ្ឋ ដែលគាត់បានបង្កើតឡើង។
ជាមួយគ្នានេះ តុលាការក៏បានផ្តន្ទាទោសគាត់ឱ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំលើបទចោទប្រកាន់នីមួយៗទាក់ទិន៖ បទរំលោភលើទំនុកចិត្ត បទលាងលុយកខ្វក់ និងបទទទួលប្រាក់ខុសច្បាប់ជិត១០លានដុល្លារអាមេរិក ពីអតីតអង្គភាព 1MDB SRC International។
លោក ណាជីប ប្រឈមនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌជាច្រើនករណីជុំវិញការចោទប្រកាន់ថា ទឹកប្រាក់ ៤.៥ពាន់លានដុល្លារអាមេរិកត្រូវបានលួច ក្នុងនោះទឹកប្រាក់ជាង១ពាន់លានដុល្លារនៃមូលនិធិ បានដាក់បញ្ចូលទៅក្នុងគណនីផ្ទាល់ខ្លួនរបស់គាត់៕