ច្បាស់ការហើយ អ្នករស់នៅក្រុងប៉ោយប៉ែត មានការឆ្លងជំងឺគ្រុនឈីក (CHIK)
(ភ្នំពេញ) ៖ ក្រសួងសុខាភិបាល នាថ្ងៃទី២៣កក្កដានេះ បានប្រកាសឲ្យដឹងថា មានការផ្ទុះឡើងជំងឺឈីកគង់ហ្គន់យ៉ា (Chikunngunya) ដែលហៅកាត់ថាឈីក (CHIK) នៅភូមិចំនួន៦ នៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីមានអ្នកភូមិធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់។
ក្រុមឆ្លើយតបបន្ទាប់របស់ក្រសួងសុខាភិបាល បានចុះស្រាវជ្រាវអង្កេតដល់ទៅភូមិទាំង៦ ខាងលើនិងផ្ទះប្រជាពលរដ្ឋដែលមានបញ្ហា ដើម្បីពិនិត្យស្ថានភាពសុខភាព ជាក់ស្ដែងបានចំនួន១៦៨នាក់ (ស្រី៩៥នាក់) និងបានបញ្ជូនបុគ្គលដែលមានបញ្ហាសុខភាពមកពិនិត្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពនានាចំនួន៣២នាក់ ប៉ុន្តែបច្ចុប្បន្នស្ថានភាពសុខភាពពួកគាត់មានសភាពធូរស្បើយហើយ ។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ស្របតាមលក្ខណៈបច្ចេកទេស ក្រុមការងារក៏បានប្រមូលសំណាកវត្ថុវិភាគឈាមចំនួន២២នាក់ (ស្រី១២នាក់) ដើម្បីធ្វើតេស្តវិភាគរកមើលវីរុសគ្រុនឈីក (CHIK) និងមើលរកវីរុសកញ្ជ្រឹល-ស្អូច ចំនួន៦០នាក់ (ស្រី ៣៧នាក់) និងយកសំណាកសម្រាប់ធ្វើតេស្តរកវីរុសកូវីដ-១៩ ចំនួន២២ នាក់(ស្រី ១១នាក់) ផងដែរ។ សំណាកទាំងអស់យកមកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ ហើយចេញលទ្ធផលបឋមយប់ថ្ងៃទី២២កក្កដា គឺបង្ហាញសញ្ញាជំងឺគ្រុនឈីក។
ជំងឺគ្រុនឈីក កើតដំបូងបំផុត នៅឆ្នាំ១៩៥៣ នាទ្វីបអាហ្វ្រិក និងធ្លាប់បានរកឃើញដំបូងនៅកម្ពុជាដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅឆ្នាំ១៩៦១ និងឆ្នាំ២០១១ ក៏មានការបញ្ជាក់ពីករណីជំងឺនេះនាខេត្តសៀមរាប បាត់ដំបង និងព្រះវិហារដែរ។ ជំងឺគ្រុនឈីក ធ្លាប់មានអត្រាឆ្លងរោគខ្ពស់រហូតដល់៦០-៧០ % ក្នុងប្រទេសកម្ពុជា នាទសវត្សទី៦០ ហើយមានការរាតត្បាតខ្លាំងផងដែរ ក្នុងឆ្នាំ២០១១-២០១២ នៅខេត្តព្រះវិហារ ខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តតាកែវ រតនគិរី ស្ទឹងត្រែង កំពង់ធំ កណ្ដាល និងខេត្តកំពត។ ក្រសួង បានបញ្ជាក់ថា ជំងឺនេះបង្កឡើងដោយវីរុសឈីក ហើយចម្លងតាមរយៈ «មូសខ្លាញីខាំ» ជាពិសេសខាំពេលថ្ងៃ។ ភ្នាក់ងារចម្លង គឺសត្វមូសមួយប្រភេទក្រុម អាអេដេស ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមផងដែរ៕