ដើម្បីគ្រប់គ្រងផលប៉ះពាល់សេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបង្កើត «សាជីវកម្មធានាឥណទាន»

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំឯកសារទស្សនាទាន សម្រាប់ការបង្កើតសាជីវកម្មធានាឥណទាន ដើម្បីដើម្បីគ្រប់គ្រងផលប៉ះពាល់ លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាលនៃវិបត្តិ ជំងឺកូវីដ-១៩ និងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិ។

កិច្ចប្រជុំស្តីពី «ការរៀបចំឯកសារទស្សនាទាន សម្រាប់ការបង្កើតសាជីវកម្មធានាឥណទាននៅកម្ពុជា» ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ «គំនិតផ្តួចផ្តើមក្នុងការបង្កើតសាជីវកម្មធានាឥណទាន» នេះ គឺជាយន្តការឆ្លើយតបបន្ទាន់របស់រាជរដ្ឋាភិបាល ស្របតាមវិធានការជុំទី ៤ ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាលនៃវិបត្តិ ជំងឺកូវីដ-១៩ និងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិ។ «សាជីវកម្មធានាឥណទានកម្ពុជា» មានតួនាទី ផ្តល់សេវាធានាឥណទាន ដល់ក្រុមហ៊ុនអាជីវកម្ម-ធុរកិច្ច នៅក្នុងវិស័យអាទិភាព ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពី វិបត្តិជំងឺកូវីដ-១៩ ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់ជាទុនបង្វិលរបស់ក្រុមហ៊ុនទាំងនោះ សំដៅ ធានាបាននិរន្តភាពអាជីវកម្ម និងសម្របទៅតាមបរិបទថ្មីនៃធុរកិច្ចបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ។ 

ដើម្បីធានាថាសាជីវកម្មធានាឥណទាន ផ្តល់ការធានាឥណទានចំទិសដៅ ប្រកបដោយប្រសិទ្ធភាព នៅក្នុងដំណាក់កាលបន្ទាន់ នៃវិបត្តិជំងឺកូវីដ-១៩ នេះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ដោយមានអគ្គនាយកដ្ឋានគោលនយោបាយជាសេនាធិការ, នឹងរៀបចំគោលនយោបាយ សម្រាប់ការផ្តល់ធានាឥណទាននេះ ដោយកំណត់វិស័យ, ប្រភេទក្រុមហ៊ុន និងប្រភេទ អាជីវកម្ម ជាដើម ដែលមានសក្តានុពលទទួល បានការធានាឥណទានពីសាជីវកម្មធានាឥណទានកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds