សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញពីវឌ្ឍនភាពនៃភាពរីកចម្រើន លើវិស័យស្រូវអង្ករនៅកម្ពុជា
(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញនូវការគាំទ្រចំពោះគោលនយោបាយ រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលយកចិត្តទុកដាក់ជាអាទិភាព លើវិស័យស្រូវអង្ករ និងបានកសាងនូវមូលដ្ឋានយ៉ាងរឹងមាំ ពីប្រទេសដែលខ្វះខាតស្បៀង ទៅជាប្រទេសដែលមានអតិរេកផ្នែកស្បៀងអាហារ ជាពិសេសអង្ករសម្រាប់ការនាំចេញ ។
កាលពីឆ្នាំ២០០៩ ប្រទេសកម្ពុជាបានចាប់ផ្តើមនាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ បានត្រឹមតែ១២,៦១៣តោន ហើយក្នុងឆ្នាំ២០១៩ បានឈានឡើង ដល់៦២០,១០៦តោន ហើយអាចឈានដល់យ៉ាងតិច៨០០,០០០តោន ក្នុងឆ្នាំ២០២០នេះ។ កំណើននេះនឹងជំរុញឱ្យ ការនាំចេញរបស់កម្ពុជា ឈានទៅដល់១លានតោន ក្នុងឆ្នាំ២០២១ប្រកបដោយចីរភាពនៃ កំណើនយ៉ាងតិច ៥%ក្នុងមួយឆ្នាំ។ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងស្របតាមការចង្អុលបង្ហាញ ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយ លើការជំរុញការនាំចេញអង្ក ដោយជំរុញឱ្យមានការបង្រួបបង្រួម វិស័យឯកជនឡើងវិញ រហូតដល់បង្កើតបានជាសហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាស្ថាប័នឯកជនតែមួយគត់ ដែលតំណាងឱ្យវិស័យស្រូវអង្ករនៅកម្ពុជា និងស្ថិតក្រោមអភិបាលបច្ចេកទេស របស់ក្រសួងពាណិជ្ជកម្ម។
សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបានកំណត់ជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមរាល់សម្មភាព របស់សហគមន៍ស្រូវអង្ករ នៅបណ្តាប្រទេសអាស៊ាន ធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយជំរុញការនាំចេញអង្ករ ចូលរួមជាមួយក្រសួងពាណិជ្ជកម្ម ក្នុងចរចារបើកច្រកទីផ្សារអន្តរជាតិ ចូលរួមកែលម្អផលិតកម្មស្រូវអង្ករ ជំរុញការងារផលិតកម្មពូជស្រូវ និងជីសម្រាប់ចែកចាយជូនប្រជាកសិករជាដើម។ ចក្ខុវិស័យវែងឆ្ងាយ និងយល់ច្បាស់ពីកម្ពុជាលើវិស័យស្រូវអង្ករ របស់ប្រមុខរាជរដ្ឋាភិបាល បានកំណត់អាទិភាព និងបន្តជំរុញកំណើនវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ និងរូបវ័ន្តនានា ជាពិសេសប្រព័ន្ធធារាសាស្ត្រ ផ្លូវថ្នល់ និងអគ្គិសនីជាដើម ដែលបានធ្វើឱ្យខ្សែសង្វាក់ផលិតកម្មស្រូវអង្កររបស់កម្ពុជា មានការកើនឡើងយ៉ាងឆាប់រហ័ស៕