សម្តេចតេជោ ហ៊ុន សែន៖ ការ​នាំ​អង្ករ​ឲ្យ​បាន​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​តែ​ជា​វិស័យ​អាទិភាព

(តាកែវ) ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​គោលនយោបាយ​នូវ​ការ​នាំ​អង្ករ​ឲ្យ​បាន​១​លាន​តោន ក្នុង​មួយ​ឆ្នាំ និង​គោលនយោបាយ​ពាណិជ្ជកម្ម​នៅ​តែ​ជា​គោលការណ៍​ទិដ្ឋភាព​របស់​រាជរដ្ឋាភិបាល ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជា​កសិករ​នៅ​ស្រុក​ព្រៃកប្បាស​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​បញ្ជាក់​ថា នា​ពេល​កន្លង​មក​កម្ពុជា​មិន​ទាន់​សម្រេច​បាន​ក្នុង​១​ឆ្នាំ នាំ​អង្ករ​ចេញ​១​លាន​តោន​ទៅ​ក្រៅប្រទេស ហើយ​ការ​នាំ​ចេញ​អង្ករ​១​លាន​តោន​របស់​កម្ពុជា​នៅ​តែ​ជា​គោលបាយ អាទិភាព​ដដែល ។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា «​គោលនយោបាយ​ផលិត​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​ជាង​១​លាន​តោន នៅ​តែ​ជា​គោលដៅ​អាទិភាព​របស់​យើង ដែល​ត្រូវ​បន្ដ​ជាមួយនឹង​គោលនយោបាយ​ឧស្សាហកម្ម ឆ្នាំ​២០១៥-២០២៥»​។ ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​តេ​ជោ រំលឹក​ថា នៅ​ពេល​ដាក់​ចេញ​គោលបាយ កសិកម្ម​ផលិត​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​របស់ កម្ពុជា​នៅ​ពេល​នោះ​កម្ពុជា​មាន​ស្រូវ តិចតួច​ណាស់ ។ សម្ដេច​ក៏​បាន​លើក​ឡើង​ថា ហើយ​ពេល​នោះ​ឥណ្ឌា​បាន​ផ្ដល់​អង្ករ​មក​កម្ពុជា​ជាង​២ ម៉ឺន​តោន កាលពី​ឆ្នាំ​២០០២ ខណៈ​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន ស្រប​ពេល​ដែល​កម្ពុជា ជួប​គ្រោះ​រាំង​ស្ងួត បន្ទាប់​មក​កម្ពុជា​ក៏​បាន​ជួប​គ្រោះ​ទឹក​ជំនាន់​ឆ្នាំ​២០០១ និង​គ្រោះ​រាំង​ស្ងួត ឆ្នាំ​២០០២ ។

សម្ដេច​តេ​ជោ បន្ដ​ថា នៅ​ពេល​កម្ពុជា​ដាក់​ចេញ​គោលនយោបាយ​ផលិត​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ ហើយ​នៅ​ពេល​នោះ​អង្ករ និង​ស្រូវ​កម្ពុជា​ក៏​បាន​ចាប់ផ្ដើម​សល់​ផង​ដែរ ។ សម្ដេច​ថា នៅ​ចុងឆ្នាំ​២០១៩ កម្ពុជា​សល់​ស្រូវ​៦​លាន​តោន បើ​គិត​ជា​អង្ករ​វិញ ប្រមាណ​ជា​៤​លាន​តោន​។ នាយក​រដ្ឋមន្ដ្រី បញ្ជាក់​ថា ដើម្បី​ឈាន់​ទៅ​ដល់​ការ​សម្រេច​បាន នាំ​អង្ករ​ចេញ​ទៅ​ក្រៅប្រទេស​១​លាន តោន មិនមែន​ធ្វើ​ស្រូវ​របៀប​ចាស់​ទៀត​ឡើយ ត្រូវធ្វើ​ស្រូវ​តាម បច្ចេកវិទ្យា​ទំនើប ។ សូម​ជម្រាប​ថា នា​ពេល​កន្លង​មក រាជរដ្ឋាភិបាល​កម្ពុជា មាន​គោលនយោបាយ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ឲ្យ​បាន​១​លាន​តោន ក្នុង​១​ឆ្នាំ នៅ​ឆ្នាំ​២០១៥ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds