សម្តេច ហ៊ុន សែន បន្តអំពាវនាវឲ្យប្រជាពលរដ្ឋ ការពារខ្លួននឹងការពារពីជំងឺកូវីដ-១៩
បន្ទាប់ពីក្រសួងសុខាភិបាល ប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ២៦នាក់ទៀត នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នេះសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តអំពាវនាវឲ្យប្រជាពលរដ្ឋ ការពារខ្លួន ដូចជាពាក់ម៉ាស់និងដាក់ជែលលាងដៃតាមខ្លួន ដើម្បី
ប្រុងប្រយ័ត្ននឹងជំងឺកូវីដ-១៩។
ការអំពាវនាវជាថ្មីរបស់សម្តេចនាយករដ្ឋមន្រ្តី ធ្វើឡើងក្នុងឱកាសចុះទៅពិនិត្យមើលការធ្វើស្រែ និងជួសំណេះសំណាលជាមួយប្រជាកសិករ ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកនេះ ប្រមុខរដ្ឋាភិបាល ថ្លែងថា ខ្លួន ស្លុតចិត្ត ពេលទទួលបានព័ត៌មាននេះ។ សម្តេច មានប្រសាសន៍ថា៖«យប់មិញនេះធ្ងន់តែម្តង ដល់ទៅ២៦នាក់»។
យ៉ាងណាក៏ដោយ មេដឹកនាំកម្ពុជា អះអាងថា ជំងឺកូវីដ-១៩ អាចបំផ្លាញកម្ពុជា ក្នុងកម្រិតណាមួយ តែមិនអាចសម្លាប់កម្ពុជាឡើយ។ មេដឹកនាំកម្ពុជា និយាយថា៖«ធ្វើយ៉ាងម៉េច កុំឲ្យអត់អង្ករច្រកឆ្នាំង»។
សម្តេចនាយករដ្ឋមន្រ្តី សង្កេតឃើញថា ប្រជាពលរដ្ឋ ហាក់មានការធ្វេសប្រហែសបន្តិច ដោយការពាក់ម៉ាស់ កាន់តិចទៅៗ។ ក្នុងការឈប់សម្រាក៥ថ្ងៃខាងមុខ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ សម្តេច ក្រើនរម្លឹកប្រជាពលរដ្ឋ ឲ្យជៀសវាងការប្រមូលផ្តុំទ្រង់ទ្រាយធំ ដើម្បីជៀសវាងការរីករាលនៃជំងឺកូវីដ-១៩។
គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ១៩៧នាក់ ដោយក្នុងនោះ បានជាសះស្បើយ១៤០នាក់ ៕