សម្តេចតេជោ បានអះអាងពីការបន្តវិនិយោគលើប្រព័ន្ធធារាសាស្ត្របន្ថែមទៀត ដើម្បីជំរុញវិស័យកសិកម្មនៅកម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអះអាងពីការបន្តវិនិយោគលើការកសាងប្រព័ន្ធធារាសាស្ត្រ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។
ការអះអាងនេះ បានធ្វើឡើងខណៈដែលសម្តេចតេជោ នាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី ២១ ខែកក្កដានេះ បានអញ្ជើញចុះពិនិត្យការធ្វើស្រែ ព្រមទាំងសំណេះសំណាលជាមួយប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កន្លងទៅ រាជរដ្ឋាភិបាល បានវិនិយោគកលើការកសាងប្រព័ន្ធធារាសាស្រ្តរាប់ពាន់គីឡូម៉ែត្ររួចមកហើយ ហើយនឹងបន្តវិនិយោគលើវិស័យនេះ បន្ថែមទៀត ដើម្បីជំរុញដល់វិស័យកសិកម្ម។
សម្តេចតេជោ បានបញ្ជាក់ថា ការនាំចេញអង្ករឱ្យបាន ១លានតោន នៅតែជាគោលដៅ អាទិភាពរបស់កម្ពុជា ខណៈជារៀងរាល់ឆ្នាំកម្ពុជា នៅសល់ស្រូវប្រមាណជិត ៦លានតោន។
សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវខិតខំប្រែក្លាយវិបត្តិកូវីដ១៩ ដែលកំពុងកើតមាននេះ ទៅជាឱកាសនៃការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា និងជំរុញការនាំចេញកសិផល ដូចជាស្រូវអង្ករ ដំឡូងមី ស្វាយ និងចេកជាដើម៕