ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ចេញនូវលិខិតក្រើនរំលឹកដល់លោក កឹម សុខា ឱ្យគោរពតាមការសម្រេចរបស់តុលាការ

ភ្នំពេញ៖ នៅថ្ងៃទី២០ កក្កដា នេះក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញនូវលិខិតក្រើនរំលឹកដល់លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិឱ្យគោរពតាមការសម្រេចរបស់តុលាការទាក់ទងនឹងការដាក់ការត្រួតពិនិត្យតាមផ្លូវតុលាការ។

នៅក្នុងលិខិតរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានអោយដឹងថា យោងតាមក្រុមជំនុំជម្រះ បានទទួលរបាយការណ៍របស់មន្រ្តីនគរបាលយុត្តិធម៍ បញ្ជាក់ថា លោកកឹម សុខា បានធ្វើសកម្មភាពមួយចំនួន ជាពិសេសនៅតាមបណ្ដាខេត្ត ដោយបានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដ៏ដូចជាការប្រមូលផ្ដុំ ជួបជុំជាមួយអ្នកគាំទ្រខ្លួន ក្រោមរូបភាពផ្សេងៗ។

បើតាមក្រុមប្រឹក្សាជំនុំជម្រះ បានចាត់ទុកសកម្មភាពនេះ បានកំពុងធ្វើផ្ទុយនឹងការសម្រេចរបស់តុលាការ ដែលរូបលោកកំពុងធ្វើសកម្មភាពមួយចំនួន នៅតាមបណ្ដាខេត្ត ដូចជាការជួបជុំប្រជាជនតាមមូលដ្ឋាន និងក្រោមរូបភាពផ្សេងៗ។អាចនឹងឈានទៅហួសព្រំដែន ឬនាំទៅដល់ការបំពានលើកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលតម្រូវលើជនជាប់ចោទ។

ក្រុមជំនុំជម្រះបានបញ្ជាក់ថា ដើម្បីធានាបាននូវការគោរពកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ក៏ដូចជាសន្តិសុខផ្ទាល់ខ្លួន និងផលប្រយោជន៍ស្របច្បាប់របស់ជនជាប់ចោទសម្រាប់សវនាការបន្ត ជនជាប់ចោទ ត្រូវមានស្មារតីគោរពឱ្យបានហ្មត់ចត់ ម៉ឹងម៉ាត់ និងប្រកាន់ភ្ជាប់នូវកាតព្វកិច្ចដែលតុលាការបានដាក់ជូន រហូតសាលក្រមត្រូវបានប្រកាស។

ចំណែកមេធាវីលោកកឹម សុខា ម្នាក់ លោកផែន ហេង បានសរសេរនៅលើទំព័រហ្វេសបុករបស់លោកថា លោក កឹម សុខា តែងតែគោរពច្បាប់ កន្លងមក បច្ចុប្បន្ន និងទៅអនាគត។ គាត់យល់ដឹងនូវអ្វីដែលអាច ឬមិនអាច ពេលណាគួរ ឬមិនគួរធ្វើ។

សូមជម្រាបជូនថា កាលពីថ្ងៃ ១០ វិច្ឆិកា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្តដាក់ជនត្រូវចោទឱ្យជាប់កាតព្វកិច្ចជាក់លាក់មួយចំនួន ជាពិសេសហាមជនត្រូវចោទ និងត្រូវធ្វើសកម្មភាពនយោបាយនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open