អភិបាលខេត្តកំពង់ស្ពឺ៖ គិតត្រឹមឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ស្ពឺបានទទួលចំណូល ៩២.៦៥៤លានរៀល ស្មើនឹង៥១០%

(ភ្នំពេញ)៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្នុងឱកាសចូលរួមជាវាគ្មិន នៃសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមបានជម្រាបជូនដល់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ នូវរបាយការណ៍ទាក់ទងនឹងវឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ដកំពង់ស្ពឺ។

ឯកឧត្តមបានឱ្យដឹងថាក្នុងឆ្នាំ២០១៩កន្លងទៅ រដ្ឋបាលខេត្តបានទទួលចំណូល ៩២.៦៥៤ លានរៀល ស្មើនឹង ៥១០% នៃផែនការឆ្នាំ ដោយចំណាយថវិកាចំនួន ៧៥.០៤៣ លានរៀល ស្មើនឹង ៩៩% នៃផែនការឆ្នាំសម្រាប់ប្រើប្រាស់លើការងារអភិវឌ្ឍន៍ខេត្ត ដូចជា ៖
– សាងសង់ស្ពានថ្មី ២ កន្លែង ឆ្លងកាត់ស្ទឹងព្រែកត្នោត
– សាងសង់រូបសំណាកលោកតារែកទឹកត្នោត
– សាងសង់សួនច្បាររង្វង់មូលរូបសំណាកផ្លែស្ពឺ នៅរង្វង់មូលផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
– ចាក់ដីធ្វើច្រាំងស្ទឹងព្រែកត្នោតជាប់ស្ពានថ្មីប្រវែង ១០៦ម
– ស្ថាបនាផ្លូវបេតុងចាប់ពីរង្វង់មូលវិមានឯករាជ្យដល់ផ្លូវបំបែកកណ្តុរដុំ
– សាងសង់សាលាឃុំចំនួន ១៥ខ្នង
– តម្លើងបង្គោលភ្លើង និងភ្លើងស្តុបផ្លូវជាតិលេខ៤ ចំនួន ៤ដើម
– សាងសង់អគាររដ្ឋបាលខេត្តជំហ៊ានទី៣
– គម្រោងសាងសង់អគារការិយាល័យច្រកចេញចូលតែមួយស្រុកគងពិសី
– គម្រោងផ្លូវអ៊ុតកៅស៊ូបេទីមបាន ២.២០៥ ម៉ែត្រការេ
– គម្រោងជួសជុលសួនពុះទ្រូងផ្លូវបានប្រវែង ១.៥០០ ម
ក្រៅពីការប្រើប្រាស់ថវិកាគុណប្រយោជន៍សម្រាប់អភិវឌ្ឍន៍ខេត្ត ជាមួយគ្នានោះក៏មានការរួមចំណែកពីវិស័យឯកជន និង សប្បុរសជនផងដែរ រួមមាន ៖
– ការកសាងស្ពានអាកាស តេជោសន្តិភាពកំពង់ស្ពឺ សម្រាប់អ្នកដំណើរថ្មើជើងឆ្លងកាត់ផ្លូវជាតិលេខ៤ ត្រង់ផ្សារកំពង់ស្ពឺ
– ការកសាងអគារសម្ភពថ្មីនៅមន្ទីរពេទ្យខេត្ត
– ការកសាងអគារសម្រាកព្យាបាលថ្មីកម្ពស់៥ជាន់នៅមន្ទីរពេទ្យខេត្ត
– សួនពុះទ្រូងផ្លូវជាតិលេខ៤
– ការកសាងអគារបណ្ណាល័យខេត្តកំពង់ស្ពឺ
– ការស្ថាបនាផ្លូវបេតុងក្នុងខេត្តចំនួន ២ខ្សែ

ក្នុងនោះបន្ទាប់ពីការបង្កើតយន្តការច្រកចេញចូលតែមួយ សម្រាប់ផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានដាក់ឱ្យអនុវត្តនាចុងឆ្នាំ២០១៨ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ អង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្ត បានផ្តល់សេវាសាធារណៈចំនួន ៣៧.៥៤១ សេវា ដោយទទួលបានថវិកាសរុបចំនួន ៣.៥៦០.៨៣៣.៦៥០ រៀល៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds