នៅពេលសល់១០០០ថ្ងៃគត់ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ប្រកាសរាប់ថយក្រោយជាផ្លូវការ នៃដំណើរឆ្ពោះទៅរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣
(កីឡា)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) នឹងប្រកាសរាប់ថយក្រោយជាផ្លូវការ នៃដំណើរឆ្ពោះទៅរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយចាប់រាប់ពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ តទៅ រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC នៅពេលសល់១.០០០ថ្ងៃគត់នោះ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) នឹងរៀបចំពិធីប្រកាសរាប់ថយក្រោយជាផ្លូវការ នៃដំណើរឆ្ពោះទៅរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយចាប់រាប់ពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ តទៅ រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលមានចំនួន១០០០ថ្ងៃគត់។ លោកអគ្គលេខាធិការបញ្ជាក់ប្រាប់ឲ្យដឹងបែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅបន្តរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ដឹកនាំដោយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC នាពេលកន្លងមក។
ជាមួយនឹងការបង្ហើបឲ្យដឹងពីការប្រកាសផ្លូវការពីការរាប់ថយក្រោយ នៃដំណើរឆ្ពោះទៅរៀបចំស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣នោះ លោក វ៉ាត់ ចំរើន នៅបានបញ្ជាក់ប្រាប់ឲ្យដឹងដែរថា ចំពោះបញ្ហាស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនាស៊ីហ្គេម ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នោះ CAMSOC បានឯកភាពលើការសម្រេចលើស្លាកសញ្ញានិមិត្តសញ្ញា និងបាវចនា (ឬពាក្យស្លោក) ហើយ៣ទម្រង់នេះ យើងបានសម្រេចជាគោលការណ៍ហើយ ដោយនៅកែសម្រួលតែបន្តិចបន្តួចប៉ុណ្ណោះក្នុងពាក្យពេចន៍ នៃបាវចនា ខណៈស្លាកសញ្ញា និងនិមិត្តសញ្ញា ត្រូវបានឯកភាពទាំងស្រុង។
លោកបញ្ជាក់ថា យើងបានទទួលយកនូវការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចពិជ័យសេនាប្រធាន CAMSOC រួចហើយៗយើងបានសម្រេចទៅលើយន្តការ នៃការប្រកាសជាផ្លូវការ ក្រោយសម្រេចចុងក្រោយពីប្រមុខរាជរដ្ឋាភិបាល ដើម្បីឲ្យគណៈកម្មការជំនាញទាំងអស់ នៃCAMSOC នឹងចាប់ផ្ដើមដំណើរការនាពេលបន្តបន្ទាប់។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC បានសម្រេចធ្វើការជ្រើសរើសស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ឬពាក្យស្លោក ដែលមានពី២ ទៅ៣ទម្រង់។ ដែលទាំងបីទម្រង់នេះ គណៈអចិន្ត្រៃយ៍ បានកែសម្រួលជាច្រើនលើកច្រើនសា ដើម្បីធ្វើឲ្យកាន់តែទាក់ទាញ ទាំងសោភ័ណភាព អត្ថរូប និង អត្ថន័យជាដើម។ ដើម្បីដាក់ឆ្លងកិច្ចប្រជុំធំរបស់ CAMSOC ដែលដឹកនាំដោយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC៕