ខេត្តរតនគិរី និងមណ្ឌលគិរី បានភ្ជាប់ថាមពលអគ្គិសនីខ្សែបញ្ជូនរង១៥០គីឡូម៉ែត្រ តង់ស្យុង៣៥គីឡូវ៉ុលថ្មី
(រតនគិរី)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានអោយដឹងនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះថា អគ្គិសនីកម្ពុជា ទើបទទួលបានសមិទ្ធផលថ្មីមួយបន្ថែមទៀត គឺការដាក់ឲ្យដំណើរការខ្សែបញ្ជូនរង១៥០គីឡូម៉ែត្រ តង់ស្យុង៣៥គីឡូវ៉ុលថ្មី ភ្ជាប់ពីខេត្តរតនគិរី និងមណ្ឌលគិរី។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ក្រោយពីខេត្តរតនគិរី បានភ្ជាប់បញ្ចូលមកក្នុងប្រព័ន្ធជាតិបញ្ជូនអគ្គិសនី កាលពីថ្ងៃទី២ ខែកក្កដា, អគ្គិសនីកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បានដាក់ឲ្យដំណើរការខ្សែបញ្ជូនរង១៥០គីឡូម៉ែត្រ តង់ស្យុង៣៥គីឡូវ៉ុល បញ្ជូនទៅជួយផ្គត់ផ្គង់នៅខេត្តមណ្ឌលគិរី ជាបណ្តោះអាសន្ន មុនពេលដែលខ្សែបញ្ជូន២៣០គីឡូវ៉ុល ពីក្រចេះទៅមណ្ឌលគិរី នឹងបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការនៅចុងឆ្នាំនេះ។ លោបន្តថា បច្ចុប្បន្នការផ្គត់ផ្គង់នៅខេត្តមណ្ឌលគិរី បានយកប្រភពអគ្គិសនី មកពីប្រទេសវៀតណាម រួមជាមួយប្រភពវារីអគ្គិសនីខ្នាតតូច ដែលជាជំនួយពីរដ្ឋាភិបាលជប៉ុនក្នុងខេត្ត។
បើតាមលោករដ្ឋមន្ត្រីប្រតិភូ កែវ រតនៈ ថ្នាក់ដឹកនាំក្រសួងរ៉ែ និង ថាមពល បានចូលរួមជាអថិបតីជាមួយអគ្គិសនីកម្ពុជា គឺលោក អ៉ិត ប្រាំង រដ្ឋលេខាធិការ និងលោក វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល បានចូលរួមពិនិត្យ និងដាក់ឲ្យដំណើរការខ្សែបញ្ជូន៣៥គីឡូវ៉ុលនេះ ដោយភាពជោគជ័យ ហើយសង្ឃឹមថា ការផ្គត់ផ្គង់បណ្តោះអាសន្ននេះ នឹងគ្រប់គ្រាន់ជំនួសការនាំចូលពីវៀតណាម រហូតដល់ឆ្នាំក្រោយ ខណៈដែលខ្សែបញ្ជូនរងថ្មី ចាប់ផ្ដើមផ្គត់ផ្គង់អគ្គិសនីតាមដងផ្លូវ បានប្រសើរជាងមុន៕