មូលហេតុធំៗ៤ ដែលនាំឲ្យប្រទេសនីមួយៗបង្កើតអោយមានកាស៊ីណូតាមព្រំដែន
(ភ្នំពេញ)៖ អនុលោមតាមច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង រាជរដ្ឋាភិបាលបានកំណត់ឱ្យមានអាជីវកម្មកាស៊ីណូ នៅព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្រៅរង្វង់ ២០០គីឡូមែត្រពីរាជធានីភ្នំពេញ ដោយយកផ្ចិតនៅវត្តភ្នំ លើកលែងតែតំបន់ព្រំដែន តំបន់ភ្នំបូកគោ និងរមណីយដ្ឋានគិរីរម្យ ហើយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរចូលលែងល្បែងឡើយ។
នៅក្នុងការអនុវត្តជាក់ស្ដែង នារយៈពេលកន្លងមក រាជរដ្ឋាភិបាល បានប្រឈមនឹងលំបាកជាច្រើន ក្នុងការទាក់ទាញវិនិយោគទុនឯកជន ឱ្យមកបណ្ដាក់ទុនបើកកាស៊ីណូ នៅតំបន់ព្រំដែនដែលជាតំបន់ដាច់ស្រយាល គ្មានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង និងការតាំងទីលំនៅរបស់ប្រជាពលរដ្ឋជាដើម។ នៅឆ្នាំ ១៩៩៩ នៅតំបន់ប៉ោយប៉ែតជាប់ព្រំដែនថៃ ចាប់ផ្ដើមមានការវិនិយោគកាស៊ីណូ ក្នុងស្ថានភាពកាលៈទេសៈពេលនោះនៅតាមជាយដែនតំបន់មួយចំនួនខ្មែរក្រហមទើបតែផ្តាច់ខ្លួនចុះចូលជាមួយរដ្ឋាភិបាល។
គោលបំណងរបស់រាជរដ្ឋាភិបាល ដែលអនុញ្ញាតឱ្យមានអាជីវកម្មកាស៊ីណូតាមតំបន់ព្រំដែន៖
១- អភិវឌ្ឍន៍តំបន់ព្រំដែនដែលជាតំបន់អតីតសមរភូមិ តំបន់ពោរពេញទៅដោយគ្រាប់មីន តំបន់គ្រុនចាញ់ តំបន់គ្មានការអភិវឌ្ឍ និងគ្មានប្រជាជនរស់នៅ។
២- ការពារខ្សែក្រវ៉ាត់ព្រំដែន តាមរយៈការសាងសង់អាគារដ៏រឹងមាំ មានលក្ខណៈយូរអង្វែង និងការកើនឡើងនៃការតាំងទីលំនៅថ្មីរបស់ប្រជាជន។
៣- គាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការបង្កើតការងារជូនប្រជាពលរដ្ឋ។
៤- បង្កើតប្រភពចំណូលថវិកាជាតិ។