រកឃើញសពអភិបាលក្រុងសេអ៊ូល លើភ្នំមួយកន្លែង
(កូរ៉េខាងត្បូង) ៖ អភិបាលក្រុងសេអ៊ូលលោក PARK WON SOON ដែលតាំងពីយូរមកហើយចាត់ទុកថា ជាបេក្ខជនដ៏មានសក្ដានុពលមួយរូប សម្រាប់ការបោះឆ្នោតប្រធានាធិបតី នៅកូរ៉េខាងត្បូងនោះ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានរកឃើញបាត់បង់ជីវិតនៅលើភ្នំមួយ ដោយបណ្ដាសារព័ត៌មានបានលើកពីការធ្វើអត្តឃាត ក្រោយមានការលើកឡើងនានាពីរឿងចាប់បំពានផ្លូវភេទ។
អភិបាលក្រុងអាយុ៦៤ឆ្នាំរូបនោះ កាលពីនៅយុវវ័យជាអ្នកប្រយុទ្ធប្រឆាំង នឹងអំណាចផ្ដាច់ការយោធា ដែលកាលនោះមាននៅក្នុងប្រទេស។ លោកបានចាកចេញពីផ្ទះក្រោយបន្សល់ទុកសារមួយច្បាប់ ដែលនាំឲ្យគេគិតថា នោះជាពាក្យចុងក្រោយរបស់លោក។ នេះបើតាមការរៀបរាប់នារសៀលថ្ងៃទី៩ កក្កដា របស់កូនស្រីលោកដែលរាយការណ៍ប្រាប់ដល់ប៉ូលិស ពីការបាត់ខ្លួនឪពុកនាង។ នាងបានបន្តថា ទូរស័ព្ទរបស់ឪពុកនាងត្រូវកាត់ផ្ដាច់តេមិនចូល ចាប់តាំងពីច្រើនម៉ោងមកហើយ។ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង YONHAP បានសរសេរថា គេយល់ថាអភិបាលក្រុងរូបនោះធ្វើអត្តឃាត តែបណ្ដាអ្នកស៊ើបអង្កេតគូសបញ្ជាក់ថា ពុំមានដានណាមួយឡើយក្នុងលិខិតដែលលោកសរសេរដោយដៃ សម្រាប់ធ្វើការសម្អាងពីការធ្វើអត្តឃាតរបស់លោក។
មានរឿងតែមួយគត់ដែលអាចពាក់ព័ន្ធរឿងអត្តឃាត គឺពាក្យបណឹ្ដងមួយដាក់កាលពីថ្ងៃទី៨ កក្កដា ដល់ប៉ូលិស ប្រឆាំងលោក PARK WON SOON។ ពាក្យបណ្ដឹងនោះដាក់ដោយអតីតសមាជិកបុគ្គលិក សាលាក្រុងសេអ៊ូលម្នាក់។ សម្រាប់ពេលនេះគេនៅពុំទាន់ដឹងពីភាពលម្អិតនៅឡើយ។ បណ្ដាសារព័ត៌មានដឹងថា អភិបាលក្រុងនោះមានឥរិយាបថស្រដៀងគ្នានឹងអាកប្បកិរិយានានាដែលលើកឡើង ដោយចលនា #METOO បរិហារពីរឿងបំពានផ្លូវភេទ ដែលជារឿយៗគ្មានការចាប់ទោស ប្រព្រឹត្តដោយបណ្ដាមនុស្សមានអំណាច។
សាកសពអភិបាលក្រុងនេះ ត្រូវបានប្រទះឃើញក្នុងតំបន់ភ្នំនៅជាយក្រុងសេអ៊ូលភាគខាងជើង។ ការរកឃើញនោះ គឺប៉ុន្មានម៉ោងក្រោយការរាយការណ៍របស់របស់កូនស្រីលោក ហើយប៉ូលិសច្រើនរូប បានចូលរួមក្នុងប្រតិបត្តិការរុករកនោះ។ សពរបស់លោកត្រូវបានគេនាំយកចុះពីភ្នំនាព្រឹកថ្ងៃទី១០ កក្កដានេះ ហើយបន្ទាប់មកបញ្ជូនទៅកាន់មន្ទីរពេទ្យមួយ។ ជាមនុស្សលេចធ្លោមួយរូបនៃគណបក្សប្រជាធិបតេយ្យកំពុងកាន់អំណាច លោកPARK WON SOON ចាប់តាំងពីឆ្នាំ២០១១មក ជាអភិបាលក្រុងសេអ៊ូល មានប្រជាជនប្រមាណជា១០លាននាក់ ៕