សហព័ន្ធបាល់ទាត់ហូឡង់ ប្រើប្រាស់ទម្រង់ Ajax ទម្លាក់ Real Madrid មកប្រើជាមួយ Spurs ម្តងទៀត
សហព័ន្ធបាល់ទាត់ហូឡង់ ហៅកាត់ថា KNVB នៅសប្តាហ៍នេះ បានប្រកាសលើកពេលគ្រប់ការប្រកួតរបស់ក្រុម Ajax មុនពេលមានជំនួបជាមួយ Tottenham Hotspur ក្នុងក្របខណ្ឌ UEFA Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នេះគឺជាផែនការមួយ ដែលគេធ្លាប់ធ្វើបានជោគជ័យជាមួយ Real Madrid។
គេនៅចាំបានថា មុនជួបជាមួយ Real Madrid និង Juventus នៅជើងទី ២ ក្រុមកំពូលតារាង Eridivisie នេះ ក៏ត្រូវបានសហព័ន្ធបាល់ទាត់ហូឡង់ អនុញ្ញាតឲ្យពន្យាពេលប្រកួតលីគក្នុងស្រុកទាំងអស់ ដើម្បីឲ្យកីឡាករមានពេលវេលាសម្រាកគ្រប់គ្រាន់ និងជាការការពារមិនឲ្យកីឡាកររបួស។
ទង្វើរបស់សហព័ន្ធបាល់ទាត់ហូឡង់នេះ ស្តែងចេញឲ្យឃើញច្បាស់ណាស់ថា គេចង់ឲ្យលីគកំពូលរបស់ហូឡង់ មានឈ្មោះបោះសម្លេងខ្លាំងក្នុងចំណោមលីគធំៗនៅអឺរុបឡើងវិញ។ ប្រសិនបើ Ajax ក្លាយជាជើងឯក UEFA Champions League ជាថ្មី នោះប្រាកដជាអស្ចារ្យខ្លាំងណាស់ ព្រោះថាក្នុងចំណោម ៤ក្រុមចុងក្រោយ គឺសុទ្ធតែជាក្រុមមកពីលីគល្បីបំផុតលើលោក ដូចជា Premier League និង La Liga។
ជាការកត់សម្គាល់ Ajax រដូវកាល ២០១៨/២០១៩នេះ មានពោរពេញដោយកីឡាករវ័យក្មេងពេញកម្លាំង លឿនរហ័ស និងរវាសរវៃ។ ប៉ុន្តែសម្រាប់ Tottenham ទោះបីជានេះ ជាលើកទី ១ ក្នុងរយៈពេលប្រមាណជិត ៦០ឆ្នាំ ដែលគេអាចឡើងដល់វគ្គ ៤ក្រុមចុងក្រោយនៃ UEFA Champions League មែន ប៉ុន្តែពួកគេក៏កំពុងតែញាំញីដោយបញ្ហាកីឡាកររបួស បូករួមនឹងការប្រជែងតំណែងកំពូលតារាង ៤ក្រុម Top 4 ក្នុងក្របខណ្ឌ Premier League ដែលជាសម្ពាធមួយធ្ងន់ធ្ងរបន្តិចហើយ៕
អត្ថបទ៖គឹមស្រ៊ិន