Mohamed Salah ប្រើឥទ្ធិពលខ្លួនលើកកម្ពស់សិទ្ធិនារីនៅអេហ្ស៊ីប និងសាសនាអ៊ីស្លាម
ខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah ទើបត្រូវបានទស្សនាវដ្តីល្បីល្បាញ TIME ដាក់រូបភាពលើទំព័រមុខ ក្នុងសប្តាហ៍នេះ ថាជាមនុស្សដែលមានឥទ្ធិពលបំផុតលើលោកប្រចាំឆ្នាំ ២០១៩ ក្នុងចំណោមមនុស្ស ១០០នាក់ផ្សេងទៀត។ នេះជារឿងអស្ចារ្យមួយ សម្រាប់កីឡាករមិនមែនអឺរុបម្នាក់នេះ ដែលទទួលបានតម្លៃពីសារព័ត៌មានធំបែបនេះ។
ឆ្លៀតក្នុងពេលនោះដែរ កីឡាករវ័យ ២៦ឆ្នាំ បានអំពាវនាវដល់បុរសទាំងអស់ ក្នុងប្រទេសអេហ្ស៊ីប និងគ្រប់អ្នកកាន់សាសនាអ៊ីស្លាម ត្រូវតែផ្តល់តម្លៃ និងគោរពដល់នារីភេទឲ្យបានច្រើន។ ក្នុងបទសម្ភាសន៍ជាមួយ TIME ខ្សែប្រយុទ្ធហង្សក្រហម Liverpool បាននិយាយថា៖ «ខ្ញុំគិតថា យើងគួតែផ្លាស់ប្តូររបៀបដែលយើងធ្វើចំពោះនារីភេទ ក្នុងវប្បធម៌របស់យើង។ វាជាការចាំបាច់! ក្នុងវប្បធម៌របស់ខ្ញុំ និងក្នុងប្រទេសនៅមជ្ឈឹមបូព៌ា គួរតែផ្លាស់ប្តូរអ្វីដែលគេបានគិតពីទំនាក់ទំនងរវាងភេទផ្សេង (យេនឌឺរ)។ ខ្ញុំគាំទ្រ នារី ជាងអ្វីដែលខ្ញុំបានធ្វើពីមុន ព្រោះខ្ញុំមានអារម្មណ៍ថា នាងគួរតែទទួលបានច្រើនជាងអ្វីដែលនាងទទួលបាននាពេលនេះ»។
https://www.facebook.com/momosalah/videos/1573904996076609/?t=0
គួរជម្រាបជូនថា Mohamed Salah គឺជាកីឡាករម្នាក់ ដែលផ្តល់មោទនភាពបំផុតដល់ជនជាតិអេហ្ស៊ីបផ្សេងទៀត តាមរយៈការលេងបានយ៉ាងល្អរបស់គាត់ ក្នុងក្របខណ្ឌកំពូលនៅអឺរុប គឺ Premier League។ Salah បានជួយឲ្យអេហ្ស៊ីបបានលេងក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០១៨ ជាលើកដំបូង ក្នុងរយៈពេល ២៨ឆ្នាំ។ ទោះបីជាមិនអាចជួយអេហ្ស៊ីប ឲ្យឆ្លងផុតវគ្គជម្រុះក្នុងពូល ប៉ុន្តែប្រជាជនអេហ្ស៊ីប បានចាត់ទុក Salah ជាវីរបុរសរបស់ពួកគេរួចទៅហើយ។
យ៉ាងណាក៏ដោយ Salah អះអាងថា គាត់មិនចង់ផ្លាស់ប្តូរនៅពេលដែលខ្លួនគាត់ល្បីដូចពេលនេះទេ។ ប៉ុន្តែគាត់ចង់យកឱកាសនេះ លើកកម្ពស់ការគោរពសាសនាអ៊ីស្លាម និងការគោរពសិទ្ធិនារី៕
អត្ថបទ៖ គឹមស្រ៊ិន