អាជ្ញាធរព្រមានចាត់វិធានការតាមច្បាប់ ចំពោះជនទាំងឡាយណាដែលជួបជុំគម្រប់ខួប៤ឆ្នាំនៃមរណភាពលោក កែម ឡី នៅបរិវេណស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ

(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌចំការមន នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ឲ្យដឹងថា ដោយសារមានការសំណូមពរ ពីម្ចាស់ស្ថានីយកាល់តិច ស្តុបបូកគោ ក្រោយទទួលបានដំណឹងពីគម្រោងរបស់ជនមួយចំនួន ចង់ជួបជុំប្រារព្ធខួប៤ឆ្នាំ នៃមរណភាពលោក កែម ឡី នៅថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកក្កដានោះ អាជ្ញាធរខណ្ឌចេញមកអះអាងថា នឹងប្រើប្រាស់នូវវិធានការតាមច្បាប់ ចំពោះជនទាំងណា ដែលជួបជុំគម្រប់ខួប៤ឆ្នាំនៃមរណភាពលោក កែម ឡី នៅបរិវេណស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ នេះ។

រដ្ឋបាលខណ្ឌចំការមនបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយតាមបណ្ដាញសង្គមផ្សេងៗបានអះអាងថា នឹងមានការរៀបចំពិធីជួបជុំ គម្រប់ខួប៤ឆ្នាំ នៃមរណភាពរបស់លោក កែម ឡី ដែលត្រូវធ្វើការជួបជុំពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅបរិវេណស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ស្ថិតនៅក្នុងភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមរយៈព័ត៌មាននេះម្ចាស់ស្ថានីយប្រេងឥន្ធនៈកាល់តិចបានស្នើសុំមកអាជ្ញាធរឱ្យជួយចាត់វិធានការនានា ដើម្បីធានានូវប្រក្រតីភាពនៃការប្រកបអាជីវកម្ម សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខ និងធានាបាននូវហានិភ័យនៃអគ្គិភ័យ ដែលអាចកើតមានជាយថាហេតុ នៅក្នុងស្ថានីយប្រេង។

អាជ្ញាធរបានបញ្ជាក់ទៀតថា ដោយយោងតាមសំណូមពរខាងលើផ្អែកតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា រដ្ឋបាលខណ្ឌចំការមន នឹងចាត់វិធានការមិនឱ្យមានការជួបជុំនៅទីតាំងខាងលើឡើយដោយមូលហេតុដូចខាងក្រោម៖

ទី១៖ មានការស្នើសុំពីម្ចាស់ស្ថានីយប្រេងឥន្ធនៈកាល់តិច

ទី២៖ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ 

ទី៣៖ យោងតាមស្មារតីនៃច្បាប់ស្ដីពីការធ្វើបាតុកម្ម ដោយសន្តិវិធី អ្នកចង់សម្ដែងមតិត្រូវជួបជុំនៅ ទីលានប្រជាធិបតេយ្យ។

ទី៤៖ ស្ថានភាពជំងឺកូវីដ១៩ កំពុងរីករាលដាលជាសាកល ក្រសួងសុខាភិបាល បានបិទនូវការជួបជុំ គ្រប់ប្រភេទនៅទូទាំងប្រទេស។

រដ្ឋបាលខណ្ឌចំការមនសង្កត់ធ្ងន់ថា «រដ្ឋបាលខណ្ឌគ្មានជម្រើសអ្វីក្រៅពីការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ចំពោះជនទាំងឡាយណា ដែលប្រព្រឹត្តផ្ទុយនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា»។

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌចំការមន ក៏បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការ អនុវត្តជាមួយរដ្ឋបាលខណ្ឌចំការមន ដើម្បីសង្គមជាតិយើង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds