ពិតជាអាណិតមិត្តជប៉ុនណាស់!! ប្រជាជនច្រើនជាង ៧ម៉ឺននាក់ ត្រូវបង្គាប់ឲ្យជម្លៀសខ្លួន ខណៈពេលទឹកជំនន់ កំពុងវាយលុកលើភាគខាងលិចប្រទេសជប៉ុន

(តូក្យូ)៖ មនុស្សប្រហែលជា ៧៥,០០០នាក់ ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួន ទៅរកកន្លែងមានសុវត្ថិភាព នៅភាគខាងលិច នៃប្រទេសជប៉ុន នៅថ្ងៃសៅរ៍នេះ ដោយសារតែភ្លៀងធ្លាក់ខ្លាំង បានបង្កឱ្យមានទឹកជំនន់ និងការរអិលបាក់ដី ដែលបណ្តាលឱ្យមនុស្សរាប់សិបនាក់ជាប់គាំង និងមនុស្ស ១៣នាក់បាត់ខ្លួន។ នេះបើ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២០។

ទីភ្នាក់ងារអាកាសធាតុជប៉ុន បានចេញការព្រមានកម្រិតខ្ពស់បំផុត ពីភ្លៀងធ្លាក់ខ្លាំងក្នុង ខេត្តគូម៉ាមូតូ (Kumamoto) និង កូហ្គូសស៊ីម៉ា (Kagoshima) នៅលើ កោះគ្យូស៊ូ (Kyushu) ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក NHK បានរាយការណ៍ថា ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកមនុស្ស ៣នាក់ដែលបានបាត់ខ្លួននៅខេត្ត គូម៉ាមូតូ បន្ទាប់ពីផ្ទះរបស់ពួកគេ ត្រូវបានកប់នៅក្រោមដីភក់។ លើសពីនេះទៅទៀត អាជ្ញាធរមូលដ្ឋាន ក៏បានស្នើសុំឱ្យកងទ័ពចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះនេះផងដែរ។

ដោយឡែក បើតាមសារព័ត៌មានក្យូដូ (Kyodo) ប្រជាជនចំនួន ៧៥,០០០នាក់នៅខេត្ត គូម៉ាមូតូ និងកូហ្គាស៊ីម៉ា ត្រូវបានបញ្ជាឱ្យជម្លៀសចេញពីផ្ទះរបស់ពួកគេ
ខណៈដែលមនុស្សជិត ១០០នាក់ កំពុងបានជាប់គាំងនៅក្នុងផ្ទះ។ ចំណែកឯ សេវាកម្មរថភ្លើងមួយចំនួន រួមទាំងប្រតិបត្តិការរថភ្លើងល្បឿនលឿនស៊ីនខាន់សិន (Shinkansen) ត្រូវបានផ្អាកនៅក្នុងតំបន់។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds