ឃាត់ខ្លួនបុរសម្នាក់តាមដីកាតុលាការ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន
ភ្នំពេញ ៖ បុរសម្នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀនប្រព្រឹត្តនៅក្លឹបកម្សាន្តរ៉ុក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យខ្លាំងរបស់លោកចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ។
ការឃាត់ខ្លួននេះ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៤និង៤០នាទី ចំណុចក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់មុខអាគារL សង្កាត់ ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនជាប់ចោទត្រូវបានតុលាការចោទប្រកាន់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ចាត់ចែង និងសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវ សារធាតុញៀន និងសមគំនិត ប្រព្រឹត្តនៅចំណុចមជ្ឈមណ្ឌលកំសាន្តរ៉ុក ស្ថិតនៅលើមហាវិថីព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៩ ហើយសមត្ថកិច្ចបានឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ៣០៣ «ធ» ដ.ច.ន ចុះថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៩ ចេញដោយលោក សេង លាង ក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
ជនត្រូវចោទឈ្មោះ ហុក សម្បត្តិ ហៅ សម្បត្តិ ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្នផ្ទះជួលមិនចាំលេខ ផ្លូវលេខ២៤៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ជនត្រូវចោទខាងលើ ត្រូវបានកម្លាំងការិយាល័យបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕
(ប្រភពព័ត៌មានយោងទៅតាមផេករបស់អគ្គស្នងការនគរបាលជាតិ)
អត្ថបទដកស្រង់ដោយ៖ សីហា