រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្មក្លឹបកម្សាន្ត និងKTVឡើងវិញ ប៉ុន្តែត្រូវគោរព…
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទីព្រឹក នៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី មានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យនិងពិភាក្សាលើ៖១-សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ២-សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ៣-បញ្ហាផ្សេងៗ។
នៅក្នុងកិច្ចប្រជុំនោះផងដែរ រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញបណ្តាកាស៊ីណូនៅភ្នំពេញ(ណាហ្គាវើល)ខេត្តព្រះសីហនុ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមតំបន់ព្រំដែននិងទីតាំងផ្សេងទៀតដោយឱ្យម្ចាស់កាស៊ីណូត្រូវចុះកិច្ចព្រមព្រៀង ឬអនុស្សរណៈ ជាមួយក្រសួងសុខាភិបាល (ឬមន្ទីរសុខាភិបាល) លើការអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលដើម្បីផ្តល់ការងារឱ្យបុគ្គលិកដែលបានបាត់បង់ការងារមួយរយៈកន្លងមកនិងជាការជួយឱ្យសេដ្ឋកិច្ចងើបឡើងវិញផងដែរ។
អនុញ្ញាតឱ្យអាជីវកម្មក្លឹបកម្សាន្តនិងKTV នៅរាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្ត ប្រែក្លាយទៅជាភោជនីយដ្ឋានដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ចនិងផ្ដល់ការងារឡើង វិញ ប៉ុន្តែត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវវិធាននៃក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នូវការ រីករាលដាលនៃជំងឺកូវីដ-១៩៕