បុរសម្នាក់គ្រាន់តែប្រពន្ធស្តីបន្ទោស ចងក.ធ្វើអត្តឃាត
សៀមរាប៖ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ មានករណីអត្តឃាតចងកសម្លាប់ខ្លួននៅត្រង់ចំណុចដើមចាន់រីជាប់របងពេទ្យកុមារគន្ធបុប្ផា ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ណុប សារៈ អធិការនគរបាលក្រុងសៀមរាបបានឲ្យដឹងថា៖ដោយការស្រាវជ្រាវរបស់កម្លាំងនគរបាលក្នុងករណីនេះមកដល់វេលាម៉ោង១៦និង៣០នាទីនាថ្ងៃដដែលយើងបានស្គាល់អត្តសញ្ញាណរបស់សពហើយសពឈ្មោះ លី ម៉ាន់ថង ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិទំនប់ក៥ សង្កាត់ ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
តាមការបំភ្លឺរបស់ប្រពន្ធសពឈ្មោះ ហុក អាង ភេទស្រី អាយុ៤១ឆ្នាំ បានអោយដឹងថាប្តីរបស់ខ្លួនបានមកពីខេត្តបន្ទាយមានជ័យតាំងពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ដោយសារខ្លួនជាប្រពន្ធសម្រាលកូនត្រូវវះកាត់ទើបត្រូវសម្រាកក្នុងមន្ទីរពេទ្យ ដោយឡែកប្ដីរបស់គាត់ជាមនុស្សញៀនស្រានិងធ្លាប់ប្រើប្រាស់គ្រឿងញៀន នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ប្ដីរបស់ខ្លួនបានចេញក្រៅពេទ្យលួចផឹកស្រាប្រហែលជាពីរម៉ោងរួចក៏ចូលទៅវិញ ខ្លួនក៏ស្ដីបន្ទោសអោយហើយប្ដីក៏ចេញមកក្រៅវិញបាត់រហូតតែម្ដង។ សពកម្លាំងយើងបានប្រគល់ជូនគ្រួសារយកទៅបូជានៅវត្តប្រាសាទគោកចក ស្ថិតក្នុងភូមិវាល សង្កាត់គោកចកក្រុងសៀមរាប ៕
(ប្រភពព័ត៌មានយោងទៅតាមផេករបស់អគ្គស្នងការនគរបាលជាតិ)
អត្ថបទដកស្រង់ដោយ៖ សីហា