លោក ពេជ្រ ស្រស់ ៖ ការលើកឡើងរបស់រដ្ឋបាលឃុំកុមាររាជា ថាជីវភាពរបស់ ពលរដ្ឋឈ្មោះ ជា រដ្ឋា ល្អប្រសើរជាងមុន គឺថាមិនពិតទេ ដោយជីវភាពរបស់គាត់ពិតជាជួបការលំបាកជាក់ស្តែង
(ភ្នំពេញ)៖យោងតាមការបង្ហោះតាមផេកហ្វេសបុករបស់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរថា លោក ជា រដ្ឋា បានបដិសេធចំពោះការលើកឡើងរបស់រដ្ឋបាលឃុំកុមាររាជា ថាជីវភាពរបស់គាត់ល្អប្រសើរជាងមុន គឺថាមិនពិតទេ ដោយជីវភាពរបស់គាត់រស់យ៉ាងលំបាក។នេះបើតាមការបញ្ជាក់ពីលោកផ្ទាល់ក្រោយពី រដ្ឋបាលឃុំកុមាររាជាបានចេញសេចក្តីបំភ្លឺរឿង ២គ្រួសារ នៅក្នុងភូមិខ្នារទង់។
នេះជាសំណេរដើមរបស់ លោក ពេជ្រ ស្រស់ បង្ហោះកាលពីល្ងាចមិញថា៖ រដ្ឋបាលឃុំកុមាររាជា ថាគ្រួសារឈ្មោះ ជា រដ្ឋា គឺមិនមែនក្រទេ ដោយសារតែមានផ្ទះ៤មx ៥ម និង
ជញ្ជាំងបាំង និងប្រក់សុទ្ធតែស័ង្កសី ព្រមទាំងមាននូវម៉ូតូចិន១គ្រឿងសុទ្ធតែសេរី២០១៤ និងមានកូន២នាក់អាយុ១៨ឆ្នាំមានការងារធ្វើដូច្នេះគឺមិនក្រទេប៉ុន្តែខ្ញុំបានសួរលោក ជា រដ្ឋា តាមទូរស័ព្ទមុននេះបន្តិចគឺលោក ជា រដ្ឋា បានប្រាប់ខ្ញុំថា កូនគាត់មានការងារធ្វើតែម្នាក់ទេគឺជាកម្មករនៅហ្គារ៉ាស់សាំង នឹងទើបចូលធ្វើការងារបានតែ ២ខែ នេះប៉ុណ្ណោះហើយលោក ជា រដ្ឋា គឺរស់នៅលើដីចំណីរថភ្លើងចំពោះម៉ូតូចិន គាត់ទើបទិញបង់រំលោះ ដោយពឹងលើប្រាក់ខែរបស់កូន ហើយឥឡូវនេះប្រពន្ធគាត់កូនខ្ចីទៀត នេះជារៀបរាប់របស់លោក ជា រដ្ឋាប្រាប់មកខ្ញុំ បន្ថែមពីនេះទៅទៀតនោះ គឺ លោកជា រដ្ឋា បានបដិសេធចំពោះការលើកឡើងរបស់រដ្ឋបាល ឃុំកុមាររាជា ថាជីវភាពរបស់គាត់ល្អប្រសើរជាងមុន គឺថាមិនពិតទេ ដោយជីវភាពរបស់គាត់រស់យ៉ាងលំបាក។
លោកក៏បានបន្ថែមទៀតថា ជុំវិញរឿងនេះលោកមេភូមិថាគឺគាត់អត់បានដឹងថាលោក ជា រដ្ឋា ក្រីក្រនោះទេ ហើយលោកមេភូមិក៏បានឲ្យលោក ជា រដ្ឋា ទៅចុះឈ្មោះ ដើម្បីសម្ភាសន៍ និងធ្វើបណ្ណសមធ៌ឡើងវិញ បើទោះបីជាយ៉ាងណាខ្ញុំនៅតែទាមទារឲ្យលោកមេភូមិ លោកមេឃុំ ធ្វើការឲ្យបានស្និទជាមួយពលរដ្ឋក្រីក្រ ជាពិសេសគឺផ្សព្វផ្សាយនូវព័ត៌មានក្នុងការដាក់ពាក្យស្នើសុំប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលនេះឲ្យបានទូលំទូលាយដល់ពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីតម្លាភាព និងស្មើភាព៕