រដូវកាល២០២០ គ្រប់ក្លឹបត្រូវមានកូតាកីឡាករអាស៊ីអាគ្នេយ៍មួយរូប
លីគកំពូលកូរ៉េខាងត្បូង (K League 1) និងលីគលំដាប់ទី២ (K League 2) ចាប់ពីរដូវកាលក្រោយទៅ ពោលគឺរដូវកាល២០២០ នឹងត្រូវតម្លើងកូតាកីឡាករបរទេស១កៅអីបន្ថែមទៀត ខណៈកូតាកីឡាករបរទេសថ្មីដែលត្រូវបន្ថែមនោះត្រូវតែជាកៅអីរបស់កីឡាករសញ្ជាតិមកពីក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើង។
បច្ចុប្បន្នភាពលីគកំពូលកូរ៉េខាងត្បូង និងលីគលំដាប់ទី២ កូរ៉េខាងត្បូង ត្រូវបានអនុញ្ញាតិឲ្យក្លឹបទាំងអស់ មានកូតាកីឡាករបរទេស៤រូប ដោយក្នុងនោះមានកីឡាករជាជនជាតិអាស៊ីមួយរូប និង៣រូបទៀតមកពីជុំវិញពិភពលោក។ តែសម្រាប់រដូវកាលថ្មីខាងមុខទៅនេះ គ្រប់ក្លឹបទាំងអស់នៃសមាជិកលីគកំពូលកូរ៉េខាងត្បូងគឺអាចប្រើប្រាស់កីឡាករបរទេសដល់ទៅ៥រូប ដោយតម្រូវឲ្យមានកីឡាករមកពីជុំវិញពិភពលោក៣រូបដដែល កីឡាករជនជាតិអាស៊ី១រូបដដែល និងបូកបន្ថែមកីឡាករមកពីតំបន់អាស៊ីអាគ្នេយ៍១រូបទៀត។
ក្នុងរដូវកាល២០១៩នេះ មានតែក្លឹប Incheon United FC មួយប៉ុណ្ណោះ ក្នុងចំណោមក្លឹបទាំង២២នៅលីគទាំងទ្វេ របស់កូរ៉េខាងត្បូង ដែលមានកីឡាករជនជាតិអាស៊ីអាគ្នេយ៍ ពោលគឺខ្សែប្រយុទ្ធជម្រើសជាតិវៀតណាម Nguyen Cong Phuong ៕
អត្ថបទ៖ គឹមស្រ៊ិន