តើស្ត្រីមានផ្ទៃពោះញាំកាំប្រមាសមុទ្រប៉ះពាល់ដល់សុខភាពទេ?
(សុខភាព)៖ កាំប្រមាសមុទ្រកំពុងទទួលបានចំណាប់អារម្មណ៍ពីមនុស្សជាច្រើន ហើយមានម៉ាក់ៗខ្លះដែលកំពុងមានផ្ទៃពោះមួយចំនួនឃ្លានចង់ញ៉ាំណាស់ដែរ តែមិនហ៊ានប្រថុយញ៉ាំព្រោះខ្លាចមានបញ្ហា។ តើម៉ាក់ៗពពោះ អាចញ៉ាំអាហារសមុទ្រកំពុងពេញនិយមនេះបានអត់?
ឆ្លើយតបនឹងចម្ងល់នេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនសែនសុខ បានពន្យល់ឲ្យដឹងថា បើស្រ្តីពពោះចង់ញ៉ាំកាំប្រមាសមុទ្រនោះ គឺអាចញ៉ាំបានធម្មតាទេ គ្រាន់តែការញ៉ាំអាហារឆៅអាចប្រឈមបញ្ហាឆ្លងមេរោគ។ លោកវេជ្ជបណ្ឌិត បានបន្តឲ្យដឹងថា ព្រោះជាទូទៅ ស្រ្តីពពោះអាចញ៉ាំអាហារឆៅបានខ្លះ ក៏ប៉ុន្តែបើគិតដល់សុខភាព និងការចម្លងមេរោគ ម៉ាក់ៗទាំងឡាយមិនគួរញ៉ាំទេ។
កាលណាបើយើងញ៉ាំរបស់ឆៅ អាចបណ្តាលឲ្យឈឺបាន ហើយមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគពីបាក់តេរីដែលមាននៅក្នុងអាហារឆៅទាំងនោះដូចជា៖ E.Coli ,Clostridium ,Yersinia , Salmonella, Listeria ជាដើម។ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ៕