លោក​ សេង​ សុវណ្ណារ៉ា​ អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌​ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន​ ពាក់ព័ន្ធករណីរំលោភដីសាធារណៈរបស់រដ្ឋរាប់សិបហិកតា នៅខេត្តមណ្ឌលគិរី

(ភ្នំពេញ)៖ លោក​ សេង​ សុវណ្ណារ៉ា​ អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌​ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន​ ពាក់ព័ន្ធករណីរំលោភដីសាធារណៈរបស់រដ្ឋរាប់សិបហិកតា នៅខេត្តមណ្ឌលគិរី​ និង​ ត្រូវបានបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ នៅរសៀល​ថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ​២០២០​ នេះ​ ដេីម្បីសាកសួរ​ ។

លោក​ សេង សុវណ្ណារ៉ា អាយុ៥៣ឆ្នាំ មានអាស័យដ្ឋាននៅរាជធានីភ្នំពេញ តែបច្ចុប្បន្នលោកមានដីធ្លី ធ្វើស្រែចំការរាប់សិបហិកតានៅខេត្តមណ្ឌលគិរី ។
សមត្ថកិច្ចបញ្ជាក់ថា លោក សេង សុវណ្ណារ៉ា ត្រូវបាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង ចេញលិខិតអញ្ជើញឲ្យមកបំភ្លឺករណីរំលោភលើដីសាធារណៈរបស់រដ្ឋរាប់សិបហិកតា នៅខេត្តមណ្ឌលគិរីតែពេលចូលបំភ្លឺរួចហើយក៏ត្រូវឃាត់ខ្លួនបញ្ជូនមកតុលាការតែម្តង​ ។

គួររំលឹកថា​ លោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩​ កន្លងទៅ​ ចេញព្រះរាជក្រឹត្យមួយ បញ្ចប់មុខតំណែងជាផ្លូវការហើយ យោងតាមសេចក្តីក្រាបបង្ខំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

លោក សេង សុវណ្ណារ៉ា អាចមានការជាប់ពាក់ព័ន្ធករណីឈូសឆាយ និង ទន្ទ្រានយកដីព្រៃចំការស្រស់សាធារណៈរបស់រដ្ឋ ប្រមាណ១ពាន់ហិកតាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅចំណុចភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds