ចំណុចសំខាន់ៗនៃកិច្ចពិភាក្សារបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ មួយស្ដីពីការលើកកម្ពស់តួនាទីស្ត្រីក្នុងយុគ្គសម័យឌីជីថល
នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្ត
អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ មួយស្ដីពីការលើកកម្ពស់តួនាទីស្ត្រីក្នុងយុគ្គសម័យឌីជីថល។
ប្រធានបទស្ដីពី «ការលើកកម្ពស់តួនាទីស្ត្រីក្នុងយុគសម័យឌីជីថល» ពិតជាមានសារៈសំខាន់ ស្របពេលដែលបច្ចេកវិទ្យាឌីជីថល ត្រូវបានប្រើប្រាស់កាន់តែច្រើនឡើងៗ នៅក្នុងការរស់នៅប្រចាំថ្ងៃ ពិសេសនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ ទន្ទឹមនេះ, ការលើកកម្ពស់តួនាទីស្ត្រី គឺជា ផ្នែកមួយដ៏សំខាន់នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ (SDG 2030) ។
ក្នុងបរិការណ៍បច្ចុប្បន្ន, ការសិក្សាស្រាវជ្រាវបានបង្ហាញថា ជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់អវិជ្ជមាន លើស្ត្រីច្រើនជាងបុរស, ទាំងក្នុងវិស័យសេដ្ឋកិច្ច និង សង្គម, ជាពិសេសស្ត្រីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារស្ត្រីភាគច្រើន មានការងារនៅក្នុងវិស័យសេវាកម្ម និង វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយអាចមិនបានទទួលនូវការឧបត្ថម្ភពីកម្មវិធីគាំពារសង្គម ដែលជាធម្មតា គ្របដណ្ដប់លើកម្មករ-និយោជិត សម្រាប់សេដ្ឋកិច្ចក្នុងប្រព័ន្ធ។
យ៉ាងណាក៏ដោយ, ការលើកកម្ពស់តួនាទីរបស់ស្ត្រីនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ត្រូវបានចាត់ ទុកថាជាកាលានុវត្តភាព និង កាតាលីករថ្មីមួយ សម្រាប់ពន្លឿនការសម្រេចបាននូវសមភាពយេនឌ័រ និង ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយបរិយាប័ន្ន ។ ជាក់ស្តែង, ការចូលរួមចំណែករបស់ស្ត្រក្នុងការ- ជំរុញកំណើនសេដ្ឋកិច្ច គឺនៅមានសក្តានុពលច្រើន។
ហេតុនេះ, រដ្ឋាភិបាលប្រទេសសមាជិកអាស៊ាន និង ភាគីពាក់ព័ន្ធ, ជាពិសេស វិស័យឯកជន, ត្រូវរួមគ្នា បង្កើតបរិយាកាសមួយអំណោយផល ដែលអាចឱ្យស្ត្រីមានភាពងាយស្រួលក្នុងការចាប់យកកាលានុវត្ត- ភាព និង សក្តានុពលថ្មីទាំងនេះ។ ក្នុងន័យនេះ, យើងគួរបន្តផ្តល់អាទិភាពខ្ពស់ចំពោះការលើកម្ពស់តួនាទី ស្ត្រីក្នុងយុគសម័យឌីជីថល ដោយផ្តោតលើការងារដូចខាងក្រោម៖
ទី១. បង្កើនការផ្តល់សេវា និង លើកកម្ពស់ការទទួលបានសេវារបស់ស្ត្រី និង កុមារី ក្នុងការប្រើប្រាស់ សេវា ICT តាមរយៈ ៖ ការផ្តល់សេវា និង ទីកន្លែង ដែលស្ត្រីអាចប្រើប្រាស់សេវា ICT ដោយងាយស្រួល និងមានសុវត្ថិភាព និង ការវិនិយោគ និង ការរៀបចំគោលនយោបាយ ប្រកប ដោយបរិយាប័ន្ន សំដៅផ្តល់សេវា ICT ក្នុងថ្លៃសមរម្យ (affordable ICT service)។
ទី២. ផ្តោតការយកចិត្តទុកដាក់លើការអប់រំផ្នែក STEAM ដែលអាចឱ្យស្ត្រី និង កុមារី ទទួលបាន ចំណេះដឹងថ្មីៗពាក់ព័ន្ធនឹង ICT ។
ទី៣. បន្តលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តាមរយៈការបង្កើនការ- យល់ដឹងអំពីការអភិវឌ្ឍអាជីវកម្មសំខាន់ៗ ជាពិសេស សម្រាប់សហគ្រាសធុនតូច និង មធ្យម និង វិស័យ ICT, ពង្រីកវិសាលភាពគ្របដណ្ដប់នៃប្រព័ន្ធគាំពារសង្គម, និង រៀបចំដាក់វិធានការ លើកស្ទួយតួនាទីរបស់ស្ត្រីក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ទៅក្នុងក្របខណ្ឌនៃផែនការស្តារ សេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩។
ទី៤. រៀបចំប្រព័ន្ធបរិស្ថាន (Ecosystem) មួយ ឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រាសកម្រិត និង មធ្យម និង សហគ្រិនជាស្ត្រី ដោយយកចិត្តទុកដាក់ដល់ការបញ្ញាបបច្ចេកវិទ្យា ឌីជីថល, ការទទួលបានធនធានហិរញ្ញវត្ថុ, ការបណ្ដុះបណ្ដាល និង ការកសាងសមត្ថភាព ។ល។ ដើម្បីជំរុញការអភិវឌ្ឍធុរកិច្ចថ្មីៗ ក្នុងវិស័យឌីជីថល។
ទី៥. ពង្រឹងជំនាញ ដូចជា អក្ខរកម្មឌីជីថល (Digital literacy) និង ការការពារអត្តសញ្ញាណ ដើម្បី ឱ្យស្ត្រីអាចទទួលបានប្រយោជន៍ពេញលេញ និង ប្រកបដោយសុវត្ថិភាព ពីសេដ្ឋកិច្ចឌីជីថល។
ទី៦. លើកកម្ពស់គំនិតផ្តួចផ្តើមថ្មីៗ និង ឧត្តមានុវត្តន៍នានា (Best practice) ពាក់ព័ន្ធនឹងការលើក- ស្ទួយតួនាទីស្ត្រីលើផ្នែកបច្ចេកវិទ្យាឌីជីថល ព្រមទាំងចែករំលែក និង ផ្លាស់ប្តូរបទពិសោធរវាង ប្រទេសសមាជិកអាស៊ាន។