នៅថ្ងៃអាទិត្យទី២៨មិថុនាខាងមុខនេះ គណបក្សប្រជាជនកម្ពុជានឹងធ្វើខួនលើកទី៦៩ឆ្នាំនៃការបង្កើតគណបក្សរបស់ខ្លួន រួមទាំងការសូត្រមន្តឡើងអគារស្នាក់ការថ្មីផងដែរ

(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យនេះ គណបក្សប្រជាជនកម្ពុជានឹងធ្វើខួនលើកទី៦៩ឆ្នាំនៃការបង្កើតគណបក្សរបស់ខ្លួន ទន្ទឹមជាមួយនឹងការបង្ហាញអគារទីស្នាក់ការដ៏ស្កឹមស្កៃ ដែលបញ្ជាក់អំពីអំណាចនៃគណបក្សនេះ នៅពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត។ ចាប់តាំងពីបានរំដោះប្រទេសជាតិ កាលពីឆ្នាំ១៩៧៩ ចេញពីរបបប៉លពតមក គណបក្សប្រជាជនកម្ពុជា បានបន្តកាន់អំណាចរហូតមកដល់ពេលបច្ចុប្បន្ន។ សូម្បីតែអង្គការសហប្រជាជាតិបានរៀបចំការបោះឆ្នោតជាលក្ខណៈប្រជាធិបតេយ្យ និងសេរីនៅកម្ពុជាកាលពីឆ្នាំ១៩៩៣ ដោយបាននាំភាគីជម្លោះនានាចូលរួមការបោះឆ្នោតក្តីគណបក្សប្រជាជនកម្ពុជានៅតែអាចរក្សាអំណាចរបស់ខ្លួនហើយបន្តដឹកនាំប្រទេស រហូតមកដល់ពេលបច្ចុប្បន្ន។ ៤១ឆ្នាំនៃការដឹកនាំប្រទេស គណបក្សប្រជាជនកម្ពុជានៅតែបង្ហាញខ្លួនថា ជាគណបក្សដ៏រឹងមាំ ហើយមានយុទ្ធសាស្ត្រនយោបាយយូរអង្វែង ដើម្បីធានាការដឹកនាំរបស់ខ្លួនទៅមុខយូរអង្វែងទៀត។ស្ថានភាពនយោបាយបច្ចុប្បន្ន វាប្រហែលជាផ្តល់ឱកាសជាជាង ការគំរាមកំហែង ដល់ការដឹកនាំរបស់គណបក្សប្រជាជនម្ពុជា។ ទោះបីជាកម្ពុជារៀបចំការបោះឆ្នោតជារៀងរាល់៥ឆ្នាំម្តង ដើម្បីជ្រើសរើសតំណាងរាស្ត្រដែលបោះឆ្នោតការបង្កើតរដ្ឋាភិបាលថ្មីក្តី ស្ថានភាពបច្ចុប្បន្នគេមិនឃើញ មាន គណបក្សណាខ្លាំងដែលជាការគំរាមកំហែងសម្រាប់គណបក្សកាន់អំណាចនេះឡើយ បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយកាលពីឆ្នាំ២០១៧ ដោយសារតែ មេដឹកនាំគណបក្សនេះ គឺលោកកឹម សុខា ត្រូវបានចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធផែន ការក្បត់ជាតិ។ ខណៈដែលអ្នកនយោបាយប្រឆាំងបានកាន់តែធ្លាក់ដៃនោះ គណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីធ្វើអោយសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនគួរអោយកត់សម្គាល់ប្រមាណ៧ភាគរយក្នុងមួយឆ្នាំក្នុងរយៈពេលជាងពីរទស្សវត្សរ៍ ហើយប្រជាជនកម្ពុជាបានមានជីវភាពកាន់តែធូរធា។ ប៉ុន្តែជំងឺកូវីដ១៩ ដែលរាតត្បាតទូទាំងពិភពលោក និងបានចម្លងមនុស្សជាង៩លាននាក់ ព្រមទាំងបានសម្លាប់មនុស្សជិតកន្លះលាននាក់ ហើយធ្វើអោយសេដ្ឋកិច្ចរងផលប៉ះពាល់ធ្ងន់ធ្ងរនោះ បានបញ្ចប់ការរីកចម្រើនរយះពេលជាង ពីរទស្សវត្សរ៍នេះ និង ទម្លាក់ប្រជាជនកម្ពុជាជាច្រើនអោយធ្លាក់ក្នុងភាពក្រីក្រ ដោយសារបាត់បង់ការងារធ្វើ ឬក៏ដោយសារបាត់បង់មុខរបររកស៊ីចិញ្ចឹមជីវិត។ បេសកកម្មចំពោះមុខសម្រាប់គណបក្សកាន់អំណាចគឺត្រូវធ្វើយ៉ាងណាស្រោចស្រង់សេដ្ឋកិច្ចកម្ពុជាចេញពីភាពលិចលង់ដែលបណ្តាលមកពីជំងឺកូវីដ១៩ហើយធ្វើអោយប្រជាជនកម្ពុជាចេញពីភាពក្រីក្រ។ រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានចាត់វិធានការមិនធ្លាប់មាន ដើម្បីជួយដល់អ្នកក្រីក្រធ្ងន់ធ្ងរចេញពីភាពអត់ឃ្លានតាមរយៈការប្រកាសគម្រោងជំនួយជាសាច់ប្រាក់ដល់អ្នកក្រីក្រចំនួនប្រមាណ៥៦០ ០០០ គ្រួសារ និង ការចំណាយប្រចាំខែប្រមាណជា២៥លានដុល្លារ ទៅ៣០លានដុល្លារ។

នេះជាវិធានការមួយគួរលើកទឹកចិត្ត ហើយវិធានការនេះត្រូវតែធ្វើអោយមានប្រសិទ្ធភាពខ្ពស់បំផុតដើម្បីធានាថា នឹងមិនមានប្រជាជនកម្ពុជាណាម្នាក់ត្រូវបានទុកចោលអោយរស់នៅក្នុងភាពអត់ឃ្លានឡើយ ដោយមិនគិតអំពីនិន្នាការនយោបាយ។ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន បានប្រាប់ហើយថា វិធានការនេះគឺគ្រាន់តែដើម្បីជួយប្រជាជននៅក្នុងគ្រាលំបាកប៉ុណ្ណោះ ហើយប្រជាជនមិនត្រូវគិតថា វាជាការចិញ្ចឹមជាអចិន្ត្រៃយ៍ឡើយ។ ដូច្នេះការងារចំពោះមុខដែរនោះ រដ្ឋាភិបាលត្រូវធ្វើយ៉ាងណាអោយសេដ្ឋកិច្ច កម្ពុជា រីក ចម្រើនខ្លាំងដូចមុន ហើយសេដ្ឋកិច្ចកម្ពុជាមានសកម្មភាពរស់រវើកដែលនឹងផ្តល់ការងារដល់មនុស្សជាច្រើន និងបង្កើតបានមុខរបរជាច្រើនសម្រាប់ប្រជាជនកម្ពុជា។ សំខាន់ដូចគ្នានេះដែរ ក្នុងតួនាទីជាអ្នកដឹកនាំរដ្ឋាភិបាលនោះ គណបក្សប្រជាជនកម្ពុជា ក៏មានបេសកកម្មមួយដើម្បើធានាអោយបានផងដែរថា រាល់ការីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេស គឺត្រូវតែបានបែកចែកប្រកបដោយសមភាពទៅកាន់ប្រជាជនកម្ពុជាគ្រប់រូប ពិសេសអ្នកក្រីក្រដោយមិនត្រូវអោយផលប្រយោជន៍នៃការរីកលូតលាស់សេដ្ឋកិច្ចនោះក្លាយជាប្រភពមានបានយ៉ាងស្តុកស្តម្ភរបស់មនុស្សមួយក្តាប់តូចឡើយ។ សំខាន់ដូចគ្នានេះ រាល់អំពើអសកម្មក្នុងសង្គមទាំងអស់ដូចជាអយុត្តិធម៌សង្គម អំពើ ពុករលួយ បក្សពួកនិយមជាដើមត្រូវតែគាស់រំលើង ចេញអោយ អស់ពី កម្ពុជា ដើម្បី ជាប្រយោជន៍ដល់ការរស់នៅរបស់ប្រជាជនប្រកបដោយភាពសុខសាន្ត។

រដ្ឋាភិបាលកម្ពុជា កំពុងតែធ្វើកំណែទម្រង់ជាច្រើនដើម្បីដោះស្រាយបញ្ហាខាងលើនេះ។សំខាន់ដូចគ្នានេះ សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ក៏មានសារសំខាន់ផងដែរ សម្រាប់សង្គមប្រជាធិបតេយ្យ ហើយវាក៏ត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាផងដែរ។ ខណៈដែលការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននឹងអាចធ្វើអោយមានការរិះគន់ដល់ភាពអសកម្មក្នុងសង្គមនោះ វាក៏នឹងជួយផងដែរដល់រដ្ឋាភិបាល ក្នុងការដោះ ស្រាយ បញ្ហាទាំងឡាយដែលជាកង្វល់របស់ប្រជាជនកម្ពុជា។ ការធានា សេរីភាព បញ្ចេញ មតិ និងសេរីភាពសារព័ត៌មាន វានឹងអាចធ្វើអោយរដ្ឋាភិបាលមើលឃើញ កាន់តែច្បាស់ និងគ្រប់ជ្រុងជ្រោយរាល់បញ្ហាដែលប្រជាជនកំពុងប្រឈមមុខ ហើយដោះស្រាយជូនប្រជាជនបានទាន់ពេលវេលា។ ក្នុងន័យនេះ វានឹងធ្វើអោយរដ្ឋាភិបាល ដោះ ស្រាយបញ្ហាកាន់តែមានប្រសិទ្ធភាព ហើយជាលទ្ធផលប្រជាជននឹងកាន់តែ សប្បាយចិត្ត ហើយបន្តគាំទ្រដល់គណបក្សកាន់អំណាច។

សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់ដល់សេរីភាពនេះដោយបានធ្វើការជួបជុំប្រចាំឆ្នាំជាមួយនឹងសារព័ត៌មាន។ការទទួលស្គាល់រាល់បញ្ហាទាំងអស់ក្នុងសង្គម គឺជាជំហានដ៏សំខាន់មួយសម្រាប់អ្នកនយោបាយ និងគណបក្សនយោបាយ ដើម្បីដោះស្រាយបញ្ហាដែលប្រជាជនកំពុងប្រឈមមុខអោយបានទាន់ពេលវេលា មុនពេលដែលបញ្ហាទាំងនោះផ្ទុះ ចេញជាបញ្ហា សង្គមធ្ងន់ធ្ងរ។ទោះបីជាជាចង់ ឬមិនចង់ ការរីកចម្រើនខាងបច្ចេកវិទ្យាបានរុញច្រានអោយ រដ្ឋាភិបាល នៅក្នុងពិភពលោកកាន់តែមានតម្លាភាព និងការទទួលខុសត្រូវចំពោះប្រជាជនកម្ពុជា ខណៈបចេ្ចកវិទ្យា ពិសេសបណ្តាញសង្គមដូចជាហ្វេសប៊ុកជាដើម បានផ្តល់អំណាចកាន់តែច្រើនដល់ប្រជាជនក្នុងការសម្តែងមតិនូវអ្វីដែលពួកគេមិនសប្បាយចិត្តនៅក្នុងសង្គម។ បញ្ហាដែលបញ្ចេញនៅក្នុងបណ្តាញសង្គមនោះ ក៏រាលដាលយ៉ាងឆាប់ រហ័ស ហើយបង្កើតជាសម្លេងមួយដែលរដ្ឋាភិបាលនានាលើពិភពលោកពិបាកនឹងមិនយកចិត្តទុកដាក់ដោះស្រាយ។ នៅពេលដែលគណបក្សប្រជាជនកម្ពុជា អាចបំពេញបេសកម្មចំពោះមុខទាំងអស់នេះបាននោះ ប្រជាជនកម្ពុជានឹងបន្តគាំទ្រគណបក្សកាន់អំណាចបន្តទៀត។ ដូច្នេះ គណបក្សប្រជាជនកម្ពុជា នឹងអាចដឹកនាំប្រទេសក្នុងរយៈពេលយូរអង្វែង តទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds