សម្តេចតេជោ ហ៊ុន សែន ស្នើអោយម្ចាស់អគារកាត់បន្ថយប្រាក់ជួលអគារសម្រាប់គ្រឹះស្ថានអប់រំ និងធនាគារត្រូវរៀបចំឥណទានឡើងវិញ
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ២៤ ខែមិថុនាឆ្នាំ២០២០ បានធ្វើការអំពាវនាវទៅដល់ម្ចាស់អគារទាំងឡាយដែលបានជួលអគារឲ្យទៅគ្រឹះស្ថានអប់រំឯកជន ឲ្យជួយសម្រួលកាត់បន្ថយថ្លៃជួលអាគារ ក្នុងអំឡុងពេលកូវីដ ១៩ នេះ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានស្នើទៅស្ថាប័នធនាគារឲ្យសម្រួលផងដែរក្នុងការរៀបចំឥណទានឡើងវិញសម្រាប់គ្រឹះស្ថានអប់រំឯកជន ធ្វើយ៉ាងណាជួយដល់គ្រឹះស្ថានឯកជនអាចទទួលបានឥណទានបន្ថែម ដើម្បីបានទុនយកមករៀបចំការសិក្សាតាមប្រព័ន្ធអនឡាញក្នុងដំណាក់កាលនៃវាយលុយដោយជំងឺកូវីដ ១៩ នេះ ។ «គ្រឹះស្ថានអប់រំឯកជនខ្លះមានដី និងអគារខ្លួនឯង ប៉ុន្តែគ្រឹះស្ថានសិក្សាខ្លះជួលអាគារគេ អញ្ចឹងពេលមានវិបត្តិ សូមម្ចាស់អគារសូមមានភាពទន់ភ្លន់សម្រួលបន្ថយថ្លៃឈ្នួលជួលអគារ» ។ នេះជាការស្នើសុំរបស់សម្តេចតេជោ នៅក្នុងពិធីប្រកាសជាផ្លូវការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ១៩ ធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៤ មិថុនា ។ ជាមួយគ្នានោះផងដែរ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើដល់ធនាគារជាតិកម្ពុជានិងស្ថាប័នពាក់ព័ន្ធធ្វើការជាមួយនឹងធនាគារឯកជន ក្នុងការចាត់ចែងរៀបចំឥណទានឡើងវិញសម្រាប់គ្រឹះស្ថានសិក្សានានា ដែលកំពុងរងគ្រោះព្រោះជំងឺកូវីដ ១៩ នោះ។ ព្រោះកន្លងមកគ្រឹះស្ថានធនាគារធ្លាប់បានរៀបចំឥណទានឡើងវិញសម្រាប់អតិថិជនជាង ១០ម៉ឺនគ្រួសាររៀបចំឥណទានឡើងវិញរួចហើយ ដូច្នេះសម្តេច «សូមរៀបចំឥណទានឡើងវិញសម្រាប់គ្រឹះស្ថានសិក្សា» ។
សម្តេចបានលើកឡើងថា ធនាគារឯកជនត្រូវរៀបចំឥណទានឡើងវិញសម្រាប់គ្រឹះស្ថានសិក្សាអប់រំដោយធ្វើការរៀបចំតាមករណីជាក់ស្តែង ឧទាហរណ៍ ថាគ្រឹះស្ថានសិក្សាមួយ ពីដើមគាត់បានដាក់ដី និងអគារដែលតម្លៃដី និងអគារ ទៅខ្ចីពីធនាគារបាន ៥០ម៉ឺន អញ្ចឹងរៀបចំឥណទានឡើងវិញដោយអាចពង្រីកទំហំដែលអាចខ្ចីបានដល់ ៨០ម៉ឺន អញ្ចឹងគាត់អាចបាន ៣០ម៉ឺនដុល្លារបន្ថែមដើម្បីធ្វើជាដើមទុនរៀបចំជាប្រព័ន្ធរៀនតាមអនឡាញ ព្រោះគ្រឹះស្ថានអប់រំឯកជនខ្លះមិនទាន់បានរៀបចំការរៀនតាមអនឡាញនៅឡើយទេ ៕