សម្តេចតេជោ ហ៊ុន សែន គាំទ្រធនាគារប្តឹងទៅតុលាការរឹបអូសទ្រព្យជនណាធ្វើតាមការញុះញ៉ង់របស់ក្រុមប្រឆាំង

(ភ្នំពេញ) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសយ៉ាងម៉ឹងម៉ាត់ថា សម្តេច គាំទ្រឲ្យធនាគារឯកជនប្តឹងទៅតុលាការរឹបអូសយកទ្រព្យសម្បត្តិពីជនទាំងឡាយណាដែលជំពាក់ធនាគារ ហើយជននោះធ្វើតាមការញុះញ៉ង់អ្នកនៅក្រៅប្រទេសថា ធ្វើចលនាកុំសងលុយធនាគារ ដោយយកលេសរឿងជំងឺកូវីដ១៩ នោះ ។

ឆ្លៀតឱកាសថ្លែងសន្ទរកថា នៃការដាក់ឲ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ១៩ សម្តេចតេជោ បានមានប្រសាសន៍ថា តាំងពីដើមរៀងមក សម្តេចមិនគ្រាំទ្រ និងមិនចង់ឲ្យមានការរឹបអូស ឬក៏មិនគួរឲ្យមានការរឹងអូសក្នុងអំឡុងពេលកូវីដទេ តែបើអ្នក(ជាប់បំណុលណាមួយ) ចលនាអ្នកផ្សេងមិនឲ្យគេសងធនាគារ ដោយសារតែការជឿ និងធ្វើតាមចលនាមួយដែលអតីតមេបក្សប្រឆាំងព្យាយាមញុះញង់អ្នកខាងក្នុងមិនឲ្យសងលុយជំពាក់ធនាគារ ជននោះនឹងមិនគួរលើកលែងឡើយ ។សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ៗថា «លើកទឹកចិត្តឲ្យរឹបអូស បើអ្នកឯងជឿលើអ្នកចលនាដែលមិនសងលុយធនាគារ សងនៅតែសង» ។ សម្តេចបានបន្ថែមថា កន្លងមកសម្តេចបាន ស្នើធនាគារឲ្យយោគយល់ខ្ពស់ចំពោះអ្នកខ្ចីនាអំឡុងពេលកូវីដ ១៩ នេះ ។ សម្តេចតេជោ មានប្រសាសន៍ថា «ខ្ញុំនឹងគាំទ្រឲ្យធនាគារប្តឹងទៅតុលាការ ដើម្បីរឹបអូស បើអ្នកនោះគាំទ្រការអំពាវនាវរបស់មនុស្សខូច» ។ ថ្នាក់ដឹកនាំប្រទេសបានបន្ថែមថា អញ្ចឹងសាកមើល គ្រួសារណាជំពាក់ធនាគារ មេរបស់អ្នកឯងអំពាវនាវអញ្ចឹង (សំដៅដល់លោក សម រង្ស៊ី ដែលសម្តេចបានបញ្ជាក់ថា ជននេះមានផែនការធ្វើចលនាមិនឲ្យពលរដ្ឋសងលុយធនាគារ) ។

យ៉ាងណាមិញ សម្តេចបានស្នើយ៉ាងទទូចដល់ធនាគារឯកជនឲ្យរៀបចំឥណទានឡើងវិញ ចំពោះអតិថិជនដែលរងគ្រោះពិតប្រាកដដោយសារតែកូវីដ ១៩ ដូចជា ស្នើរៀបចំឥណទានឡើងវិញសម្រាប់គ្រឹះស្ថានអប់រំឯកជនជាដើម ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds