បន្ទាប់ពីបាត់អស់ភ្ញៀវទេសចរ តំបន់ឆ្នេរដ៏ល្បី Pattaya បានប្រើយុទ្ធសាស្ត្របញ្ចុះតម្លៃ ៥០% ដើម្បីទាញភ្ញៀវត្រឡប់មកវិញ
(ថៃ)៖ នៅទីក្រុង Pattaya បានបង្កើតយុទ្ធនាការ “ TAT Hot deal @Pattaya” ដោយផ្ដល់ការបញ្ចុះតម្លៃ ៥០% ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុកមកកាន់រីសតរបស់ខ្លួន។ រដ្ឋាភិបាលថៃកំពុងស្ដារអាជីវកម្មនៅ Pattaya ឡើងវិញបន្ទាប់ពីបានបិទវិស័យទេសចរណ៍នៅទីនោះ ដោយសារជំងឺ COVID-19 ។
ប្រធានការិយាល័យទេសចរណ៍នៅតំបន់ Pattaya លោកស្រី Pinnat Charoenphol បាននិយាយថា ការបន្ធូរបន្ថយការរឹតបណ្តឹងដំណាក់កាលទី៤ នឹងធ្វើឱ្យអាជីវកម្មកើនឡើងបន្ថែមទៀត បន្ទាប់ពីទេសចរណ៍នៅក្នុងស្រុកចាប់ផ្ដើមងើបឡើងវិញបន្តិចម្ដងៗ។ លោកស្រីក៏បានបន្ថែមទៀតថា យុទ្ធនាការលើកកម្ពស់វិស័យទេសចរណ៍នេះមានគោលបំណងជុំរុញឱ្យភ្ញៀវទេសចរក្នុងស្រុកមកទស្សនារីសតនៅ Pattaya ឡើងវិញ។ សម្រាប់យុទ្ធនាការនេះដែរមានការចូលរួមពី សមាគមសណ្ឋាគារថៃភាគខាងកើត និងសមាគមន៍ទេសចរណ៍ខេត្តឈុនបុរី ដោយបានបញ្ចុះតម្លៃ ៥០% ទៅលើសេវាកម្មមួយចំនួនដូចជា៖ សណ្ឋាគារ ភោជនីយដ្ឋាន ស្ប៉ា និងគោលដៅទេសចរណ៍ក្នុងតំបន់ជាង ១០០ កន្លែងទៀត។ ប័ណ្ណបញ្ចុះតម្លៃនឹងបានដាក់ដំណើរការនៅលើប្រព័ន្ធអ៊ីនធឺណេតចាប់ពីថ្ងៃទី ០១ ខែកក្កដា ដល់ថ្ងៃទី ១៥ ខែកញ្ញា ហើយពួកគេអាចប្រើប្រាស់ប័ណ្ណនេះបានចាប់ពីថ្ងៃទី ១៥ ខែកក្កដា ដល់ថ្ងៃទី ២៤ ខែធ្នូ។
ទន្ទឹមនឹងនេះ តាមបណ្ដាអាជីវកម្មដែលបានបើកដំណើរការឡើងវិញត្រូវគោរពតាមគោលការណ៍របស់ក្រសួងដូចជា៖ រក្សាគម្លាតរបស់ភ្ញៀវយ៉ាងតិចចម្ងាយ ១ម ពីគ្នា ត្រូវមានទឹកអាល់គុលលាងដៃ ឬទឹកសម្អាតមេរោគសម្រាប់ពួកគេ និងម៉ាស៊ីនវាស់កម្ដៅ ចំណែកឯបុគ្គលិកត្រូវពាក់ម៉ាស់ ឬរបាំងមុខការពារផងដែរ៕