សម្ដេចតេជោ ហ៊ុន សែន ប្រតិកម្មចំពោះក្រុមប្រឆាំងដែលមករិះគន់រឿងរាជរដ្ឋាភិបាលការទិញរថយន្តយោធា២៩០គ្រឿង និងចាត់ទុកក្រុមនោះជាជនតិរច្ឆាន

(កណ្ដាល)៖ ថ្លែងចេញពីទឹកដីខេត្តកណ្ដាល នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រតិកម្មធ្ងន់ៗ ទៅលើក្រុមជនមួយក្ដាប់តូចដែលរិះគន់ ការទិញរថយន្ដយោធា២៩០គ្រឿងថា ដើម្បីពង្រឹងអំណាចបុគ្គល និងបក្ខពួក ហើយសម្ដេចបានហៅក្រុមទាំងនោះ ជាជនតិរច្ឆាន មិនដែលគិតផលប្រយោជន៍ជាតិ។
ក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋាន សាងសង់ព្រលានយន្តហោះនៅខេត្តកណ្តាល សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការសម្រេចទិញរថយន្ដយោធាទាំងអស់នេះ គឺដើម្បីតែផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ហើយការបញ្ជាទិញនេះទៀតសោត មិនបានប្រើប្រាស់ថវិការបស់ជាតិនោះឡើយ ពោលគឺជាថវិការបស់សប្បុរសជន។សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា ការទិញរថយន្ដនេះ គឺប្រើប្រាស់ថវិកាប្រមាណ២០លានដុល្លារ ដែលជាការបរិច្ចាគរបស់សប្បុរជន ដើម្បីបម្រើប្រាស់ជាមធ្យោបាយឲ្យកងកម្លាំងប្រដាប់អាវុធកម្ពុជា ហើយសម្ដេចបង្ហាញគោលជំហរថា ចង់បំពាក់សម្ភារឲ្យកងកម្លាំងប្រដាប់អាវុធច្រើនជាងនេះទៀត។

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ការទិញរថយន្តយោធា២៩០គ្រឿងនេះ ផ្តើមចេញពីការបាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ ហើយពេលនោះយោធភូមិភាគទី១ បានចល័តកម្លាំងជាង១ពាន់នាក់ ដើម្បីសង្គ្រោះប្រជាពលរដ្ឋ តែពេលនោះជួបការលំបាកមធ្យោបាយដឹកជញ្ជូនកម្លាំង និងដឹកជញ្ជូនប្រជាពលរដ្ឋ។សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការបញ្ជាទិញរថយន្ដនេះធ្វើឡើងតាំងពីខែមិថុនា ឆ្នាំ២០១៩ ហើយត្រូវមកដល់ប្រទេសកម្ពុជា អំឡុងខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្ដែដោយសារផ្ទុះឡើងជំងឺកូវីដ១៩ ទើបដឹកបញ្ជូនមកដល់យឺតជាងការគ្រោងទុក៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds