កាន់តែធ្ងន់ធ្ងរហើយ! ប្រេ​ស៊ី​ល រក​ឃើញ​ករណី​កូ​វី​ដ​១៩​ថ្មី​ដល់​ទៅ​២​ម៉ឺន​ករណី​បន្ថែម

តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល​បាន​រាយ​ការណ៍​ថា មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​១៩ យ៉ាងតិច ២០,៦៤៧ ករណី​កាលពី​ថ្ងៃ​ច័ន្ទ ដែល​ធ្វើ​ឱ្យ​ចំនួន​ឆ្លង​សរុប​របស់​ប្រទេស​នេះ យ៉ាង​ហោច​ណាស់​មាន ៨៨៨,២៧១​ករណី​។

យោង​តាម​ក្រសួងសុខាភិបាល​ប្រទេស​ប្រេ​ស៊ី​ល ក៏​បាន​កត់ត្រា​ការ​បាត់​បង់ជីវិត របស់​អ្នកជំងឺ​កូ​វី​ដ​១៩ យ៉ាងតិច ៦២៧​នាក់ ក្នុង​រយៈពេល ២៤​ម៉ោង​កន្លង​មក ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​បាត់បង់​ជីវិត​សរុប​ដោយ​កូ​វី​ដ​១៩ របស់​ប្រទេស​នេះ យ៉ាង​ហោច​ណាស់​មាន​ចំនួន ៤៣,៩៥៩​នាក់​។

ថ្ងៃ​ច័ន្ទ​នេះ ក៏​ជា​ថ្ងៃ​គម្រប់​មួយ​ខែ​ដែរ ដែល​ប្រទេស​ប្រេ​ស៊ី​ល គ្មាន​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​។ ក្រសួង​ត្រូវ​បាន​ដឹកនាំ ដោយ​ឈរ​លើ​មូលដ្ឋាន​បណ្តោះអាសន្ន បន្ទាប់​ពី​ការ​លាលែង​ពី​តំណែង​របស់​លោក Nelson Teich កាលពី​ថ្ងៃ​ទី​១៥ ឧសភា​។

ចាប់តាំងពី​ការ​លាលែង​ពី​តំណែង​របស់​លោក Teich ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល ត្រូវ​បាន​ដឹកនាំ​ដោយ​លោក Eduardo Pazuello ដែល​ជា​ឧត្តមសេនីយ៍ទោ​កងទ័ព និង​ជា​អតីត​លេខា​ធិការ​ប្រតិបត្តិ​នៃ​ក្រសួង​។ ប្រធានាធិបតី​ប្រេ​ស៊ី​ល លោក Jair Bolsonaro បាន​ចុះហត្ថ​លេខា​លើ​ក្រឹត្យ​មួយ​ដែល​ធ្វើ​ឱ្យ​តួនាទី​របស់​លោក Pazuello ជា​រដ្ឋមន្ត្រី​បណ្តោះអាសន្ន នៅ​ថ្ងៃ​ទី​២ ខែមិថុនា​។

ការ​លាលែង​ពី​តំណែង​របស់​លោក Teich នៅ​ក្នុង​ខែឧសភា គឺជា​ការ​ចាកចេញ​ជា​លើក​ទី​២ របស់​រដ្ឋមន្ត្រី​សុខាភិបាល​ប្រេ​ស៊ី​ល ក្នុង​កំឡុង​ពេល​នៃ​ការ​ផ្ទុះ​ឡើង​នៃ​កូ​វី​ដ​១៩ បន្ទាប់​ពី​ការ​បណ្តេញ​​លោក Luiz Henrique Mandetta ចេញពី​តំណែង កាលពី​ខែមេសា​៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds