លោក ពេជ្រ ស្រស់ បង្ហាញពីទិដ្ឋភាពច្បាប់ចំពោះសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ០២រូបដែលត្រូវបានតុលាការឃុំខ្លួននៅឯខេត្តព្រះវិហារ

(ភ្នំពេញ)៖ នៅមុននេះបន្តិច លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ​ និងផ្ដល់យោបល់ ដែលជាទីប្រឹក្សារាជរដ្ឋាភិបាល លោកបានបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោកអំពីករណីដែលអ្នកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា ជាប្រធានប្រតិភូគណបក្សសាធារណរដ្ឋប្រជាធិបតយ្យ ត្រូវបានជាប់ឃុំ ដោយសារបំផុសប្រជាពលរដ្ឋឲ្យទៅយកដីរបស់ក្រុមហ៊ុន។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា
អ្នកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា ជាប្រធានប្រតិភូគណបក្សសាធារណរដ្ឋប្រជាធិបតយ្យ

ដោយលោកបានបញ្ជាក់តាមរយៈការផុសក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា៖ “ខ្ញុំបាទសូមបញ្ជាក់ទិដ្ឋភាពរួម និង ផ្លូវច្បាប់ ក្នុងនាមរូបខ្ញុំគឺជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់មួយរូបផងដែរនោះចំពោះករណីលោកជំទាវជាប្រធានប្រតិភូរបស់គណបក្សសាធារណរដ្ឋប្រជាធិបតយ្យគឺថាលោកជំទាវបានបាត់បង់សិទ្ធិចុះបំពេញភារកិច្ច ក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់គឺតាំងពីខែ ធ្នូ ឆ្នាំ ២០១៨ មកម៉្លេះ ដោយសមាជគណបក្សរបស់លោកជំទាវគឺត្រូវបានផ្លាស់ប្តូររចនាសម្ព័ន្ធដឹកនាំថ្មីហើយ ក្រសួងមហាផ្ទៃ បានទទួលស្គាល់នូវរចនាសម្ព័ន្ធដឹកនាំថ្មី និង ការប្តូរឈ្មោះពី ” គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ”ទៅ”គណបក្សនគរប្រជាធិបតេយ្យ”។ហើយក្នុងរចនាសម្ព័ន្ធថ្មីនោះគឺមិនមានឈ្មោះលោកជំទាវ ជាថ្នាក់ដឹកនាំទៀតនោះឡើយ ។ ម្យ៉ាងវិញទៀត ក្រោយពីក្រសួងមហាផ្ទៃ ទទួលស្គាល់ គឺ ប្រធានថ្មី នៃគណបក្សនេះ បានបញ្ជូនសមាសភាពថ្មីជំនួសតំណែងរបស់លោកជំទាវ រួមទាំងសហការី០២នាក់ផ្សេងទៀត។ដោយគោរពតាមឆន្ទៈ និង អធិបតេយ្យភាពរបស់គណបក្ស ដែលមានចែងក្នុងព្រះរាជក្រឹត្យស្តីពីការរៀបចំ និង ការប្រព្រឹត្ត នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ក៏បានផ្អាកការផ្តល់ជូនលិខិតបេសកកម្មដល់លោកជំទាវតាំងពីពេលនោះមក ពោលគឺលោកជំទាវត្រូវបានរលត់សិទ្ធិបណ្តោះអាសន្នក្នុងការចុះបំពេញនូវភារកិច្ចក្នុងនាមជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្តល់យោបល់ គឺ ចាប់តាំងពីក្រសួងមហាផ្ទៃទទួលស្គាល់នូវរចនាសម្ព័ន្ធថ្មីនៃគណបក្សរបស់លោកជំទាវមកម្លេះ។ ដូច្នេះលោកជំទាវនិងសមាជិកដទៃ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសនៅខេត្តព្រះវិហារគឺជារឿងបុគ្គល ដោយមិនជាប់ពាក់ព័ន្ធ នឹង ក្របខ័ណ្ឌរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នោះឡើយ…។សូមសាធារណៈជនជ្រាបជាព័ត៌មាន ។ “

គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះតុលា​ការបានចេញ​ដីកា​ឲ្យ​ឃាត់ខ្លួន​អ្នកស្រី សុខ រ័ត្ន​សុវណ្ណ​បញ្ចៈ​សីលា និង​រហូត​ឈានដល់​ឃុំខ្លួន​បណ្តោះអាសន្ន គឺ​ដោយសារតែ​អ្នកស្រី ដើរ​បំផុសបំផុល​ប្រជាពលរដ្ឋ ឲ្យ​ទៅកាន់​ដាប់​និង​រស់នៅ​លើដី​មួយកន្លែង ដែល​រដ្ឋ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ឯកជន ដើម្បី​អភិវឌ្ឍ​៕

អត្ថបទ៖ សីហា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds