កម្ពុជាត្រូវតែប្រយ័ត្នជានិច្ច កូវីដ១៩ មកពីក្រៅប្រទេស នៅតែគំរាមកំហែងនៅឡើយ

(ភ្នំពេញ)៖ កម្ពុជាត្រូវបានចាត់ទុកថា ជាប្រទេសមួយជោគជ័យនៅក្នុងការប្រឆាំងកូវីដ១៩ រហូត មកដល់ពេលនេះ ដោយសារតែការព្យាបាលជាស្ទើរទាំងអស់ និងគ្មានអ្នកស្លាប់ដោយ សារមេរោគដ៏សាហាវនេះឡើយ រហូតមកដល់ពេលនេះ។

ប៉ុន្តែការវិវត្តរយៈពេលក្រោយនេះ ទំនងជាចង្អុលបង្ហាញថា កម្ពុជានៅតែប្រឈមមុខខ្ពស់នឹងការរាលដាលមេរោគកូវីដ១៩។ ការប្រឈមមុខខ្លាំង គឺការនាំចូលជំងឺកូវីដ១៩ មកពីខាងក្រៅ ខណៈដែលការធ្វើ ដំណើរតាមយន្តហោះ មកកម្ពុជា ហាក់ដូចជាកម្រើកឡើងវិញ។ក្រសួងសុខាភិបាលបានអោយដឹងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ថា ខ្លួនបានរក ឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២ថ្មីបន្ថែមទៀត។ ដូច្នេះរហូតមកដល់ពេលនេះ អ្នកឆ្លងជំងឺកូវីដ១៩ មានចំនួន១២៨នាក់ អ្នកជាសះស្បើយមានចំនួន១២៥នាក់ នៅសល់៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ដោយពិនិត្យទៅលើការរកឃើញទាំងនេះ ការនាំចូលកូវីដ១៩ ពីក្រៅប្រទេស គឺជាបញ្ហាប្រឈមមួយដែលគំរាមកំហែងដល់កម្ពុជាគ្រប់ពេលវេលា ហើយតម្រូវអោយកម្ពុជាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ឱ្យបានមានប្រសិទ្ធភាពចំពោះការនាំចូលកូវីដ១៩ពីក្រៅប្រទេស។ ដរាបណាគ្មានវ៉ាក់សាំងបង្ការកូវីដ១៩ទេនោះ កម្ពុជាក៏ដូចជាប្រទេសទាំងអស់ក៏ដូចជា ពិភពលោកទាំងមូល នៅតែប្រឈមខ្ពស់នឹងការឆ្លងរាលដាលមេរោគ កូវីដ១៩នេះ គ្រប់ពេលវេលាទាំងអស់។ នេះគ៏ដោយសារតែមេរោគកូវីដ១៩នេះ ធ្វើការចម្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតយ៉ាងងាយស្រួលតាមរយៈតំណក់តូចល្អិតដែល ក្អក ឬកណ្តាស ចេញពីអ្នកផ្ទុកមេរោគកូវីដ១៩ ឬក៏ការប៉ះពាល់ជាមួយនឹងវត្ថុដែល មានផ្ទុកមេរោគ ហើយយកដៃមកប៉ះផ្ទៃមុខ។ មិនតែប៉ុណ្ណោះ ការស្រាវជ្រាវជាច្រើនបង្ហាញថា សូម្បីតែមនុស្សដែលមានផ្ទុកមេរោគកូវីដ១៩ ប៉ុន្តែគ្មានលេចចេញរោគសញ្ញាក៏អាចធ្វើការចម្លងមេរោគនេះបានដែរ។ ដូច្នេះ ប្រជាជនកម្ពុជានៅក្នុងប្រទេសទាំងអស់ក៏ត្រូវប្រុងប្រយ័ត្នអោយបានខ្ពស់ដូចតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបារម្ភពីស្ថានភាពកូវីដ១៩ អាចនឹងផ្ទុះឡើងគ្រប់ពេល។ការរក្សាគម្លាតពីរម៉ែត្រ និងការពាក់ម៉ាស ព្រមទាំងការរស់នៅប្រកបដោយ អនាម័យ ខ្ពស់ មានសារសំខាន់នៅក្នុងការទប់ស្កាត់ការឆ្លង និងចម្លងមេរោគកូវីដ១៩៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds