អាជ្ញាធរចិនបានបញ្ជាឱ្យបិទផ្សារទំនើបធំៗនៅទីក្រុងប៉េកាំងនានា ក្រោយរកឃើញមានវីរុសកូវីដ១៩ នៅលើក្ដារកាត់សាច់ត្រីសាល់ម៉ុនរបស់ផ្សារបន្លែ Xinfadi
(ចិន)៖ ការភ័យខ្លាចចំពោះរលកទី២ នៃជំងឺកូវីដ១៩ បានលេចចេញជារូបរាងនៅទីក្រុងប៉េកាំង បន្ទាប់ពីអ្នកស្រុករាប់សិបនាក់បានធ្វើតេស្តវិជ្ជមានជាមួយវីរុសកូវីដ១៩។ ជាក់ស្ដែងអាជ្ញាធរមូលដ្ឋានបាននិយាយនៅឯសន្និសីទសារព័ត៌មានមួយថា កាលពីថ្ងៃសៅរ៍ មានអ្នកជំងឺក្នុងស្រុកថ្មីៗចំនួន ១១នាក់ បន្ថែមទៀតត្រូវបានបញ្ជាក់ថាឆ្លងជំងឺកូវីដ១៩ ដែលពួកគេទាំងនេះជាករណីឆ្លងក្នុងស្រុកថ្មីចុងក្រោយបំផុត ដែលធ្វើឱ្យវាក្លាយជាសម្ពាធថ្មីមួយទៀតសម្រាប់ប្រទេសចិន នៅពេលដែលទីក្រុងប៉េកាំងមិនមានករណីក្នុងស្រុករយៈពេល ៥៦ ថ្ងៃមកហើយ។
អ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតគឺករណីថ្មីៗចុងក្រោយនេះ បានឆ្លងចេញពីផ្សារលក់បន្លែបោះដុំមួយកន្លែងឈ្មោះថា Xinfadi ដែលជាផ្សារបន្លែធំជាងគេបំផុតមួយរបស់ទីក្រុងប៉េកាំង។ យោងតាមក្រុមស៊ើបអង្កេតទាក់ទងនឹងជំងឺឆ្លងបាននិយាយថា ករណីចុងក្រោយទាំងនេះសុទ្ធតែមានប្រវត្តិឆ្លងកាត់ផ្សារបន្លែ Xinfadi ហើយខណៈពេលនេះទីក្រុងកំពុងបិទផ្សារនេះចោលបណ្ដោះអាសន្ន និងកំពុងធ្វើការពិនិត្យសំណាកជាទ្រង់ទ្រាយធំ តាមដានអ្នកដែលមានទំនាក់ទំនងជាមួយនឹងផ្សារបន្លែនោះ ដើម្បីរកមើលករណីថ្មីៗបន្ដទៀត។
ម៉្យាងវិញទៀតអាជ្ញាធរក៏បានបញ្ជាឱ្យផ្សារទំនើបនៅទីក្រុងប៉េកាំងនានា ដែលបានទិញត្រីសាល់ម៉ុន (salmon) ពីផ្សារបន្លែមួយនេះ ប្រមូលសាច់ត្រីទាំងនោះចេញពីកន្លែងលក់វិញភ្លាម ដើម្បីជៀសវាងការឆ្លងមេរោគ ព្រោះអាជ្ញាធរក៏បានរកឃើញមានវីរុសកូវីដ១៩ នៅលើក្ដារកាត់សាច់ត្រីសាល់ម៉ុនរបស់ផ្សារបន្លែ Xinfadi ផងដែរ។ ករណីចុងក្រោយនេះនាំឱ្យដំណើរកម្សាន្តជាក្រុម ព្រឹត្តិការណ៍កីឡា និងសិស្សសាលាកម្រិតទាប ក៏ដូចជាសកម្មភាពមានហានិភ័យខ្ពស់ជាច្រើន ត្រូវបានផ្អាកវិញទាំងអស់៕ប្រភព៖ CGTN, globaltimes