តារាចម្រៀង ម៉េង កែវពេជ្ជតា ៖ សំណង១០០រៀលអត់បញ្ហា តែរឿងសុំទោស១០ជាតិក៏មិនមានដែរ
(ភ្នំពេញ) ៖ តារាចម្រៀងជួរមុខនៅកម្ពុជាអ្នកនាង ម៉េង កែវពេជ្ជតា ថ្មីៗនេះបានថ្លែងប្រាប់ទៅអ្នកគាំទ្ររបស់នាងថា ពាក្យបណ្តឹង «បរិហារកេរ្តិ៍ជាសាធារណៈ» ប្រឆាំងរូបអ្នកនាង គឺអត់មានបញ្ហាចោទចំពោះអ្នកនាងឡើយ ត្រឹមសំណងទាមទារ១០០ រៀលនោះ ។ ក៏ប៉ុន្តែអ្នកនាងបានបញ្ជាក់ថា ចំពោះការទាមទារឲ្យអ្នកនាង «សុំទោសជាសាសាធារណៈ» នោះគឺដេកចាំទៅ ទោះ១០ជាតិទៅមុខទៀត ក៏គ្មានពេជ្ជតា សុំទោសដែរ ។
ថ្លែងនៅក្នុងវីដេអូ Live កាលពីថ្ងៃទី ១២ ខែមិថុនា កន្លងទៅ តារាចម្រៀងចាស់វស្សា ម៉េង កែវពេជ្ជតា ដែលត្រូវបានមហាជនស្ងើចសរសើរចំពោះការលះបង់ដ៏ធំធេងក្នុងការបណ្តុះបណ្តាលកូនប្រុស-ស្រីប្រកបដោយគន្លងធម៌ និងមានទេព្យកោសល្យខាងសិល្បៈដូចអ្នកម្តាយនោះ បានថ្លែងបញ្ជាក់ទៅអ្នកគាំទ្ររបស់អ្នកនាងថា មានរឿងហួសចិត្ត ចាស ចង់ជម្រាប ហើយក៏មិនមែនជារឿងអីធំដុំ ព្រោះអ្នកនាងក៏មិនមែនជាអ្នកស្រែកជំទាលអត់ប្រយោជន៍ ឬក៏ចង់លក់ដូររបស់របរអីតាមការ live នោះដែរ តែការដែលអ្នកនាងចេញមុខមក Live នេះ គឺដើម្បីការងារសេរីភាព ការពារសិទ្ធិ និងកិត្តិយសរបស់អ្នកនាង» ។ អ្នកនាងម៉េង កែវពេជ្ជតា បានពោលថា «អញ្ចឹងក៏ចង់ជម្រាបបងប្អូនថា រាជបុត្រអសូរ្យកាយ ដែលមានការងារជាជាងធ្វើក្រចកនៅអាមេរិក មិនដឹងហាងក្រចកមួយណាទេ គ្រាន់តែដឹងថាគាត់ធ្វើក្រចក ។ ហើយគាត់ទើបបំប៉ោងព័ត៌មានថា ខ្ញុំរាលដាលទៅអ្នកធ្វើក្រចកកាលថ្ងៃមុន ។ ការពិតមិនមែនរាលដាលអីទេ ជាងក្រចក គឺវាហ្នឹងតែម្តង ។ រាជ្យបុត្រអសូរ្យកាយ ការងារគាត់ គឺការងារជាងក្រចកក្រៅពីជេរ ។ គាត់និយាយថា ថ្ងៃហ្នឹង (ថ្ងៃទី ១២ មិថុនា) ខ្ញុំឡើងតុលាការ ដែលប្រពន្ធ មួង ឃីម (អតីតប្តីរបស់អ្នកនាងម៉េង កែវពេជ្ជតា) ប្តឹង ។ អញ្ចឹងខ្ញុំសូមជម្រាបថា ខ្ញុំគ្មានបានឡើងតុលាការណាទេ» ។
តារាចម្រៀងដែលមានទឹកដមសម្លេងពីរោះ និងបកស្រាយបានគ្រប់ទម្រង់នោះ បានបន្តថា អ្នកនាងរវល់នឹងការងារសិល្បៈខ្លាំងណាស់ដូចជា សរសេរប៉ារ៉ូលចម្រៀង និងតាក់តែងបទថ្មីៗជាដើម តែអ្នកនាងឆ្លៀតប្រាប់ទៅអ្នកគាំទ្រថា «ដូច្នេះដំណឹងនេះ ជាដំណឹងចាក់រុកទេ ខ្ញុំគ្មានត្រូវឡើងតុលាការទេ ។ បើសិនជាឡើង មិនចាំបាច់ត្រូវអាមួយហ្នឹងប្រកាសទេ ខ្ញុំប្រាប់ខ្លួនឯង ខ្ញុំទៅខ្លាចស្អី រឿងតុលាការហ្នឹង ខ្ញុំប្រាប់ហើយតើ ខ្ញុំចាំឲ្យតែគេ (កោះ) ហៅទេ ខ្ញុំទៅបំភ្លឺតាមធម្មតាតើ តាមការអញ្ជើញ »។ អ្នកនាងបានបន្ថែមថា «ដូច្នេះបងប្អូនទាំងអស់គ្នា បើស្រលាញ់ពេជ្ជតា គាំទ្រពេជ្ជតា កុំស្តាប់សម្តីឥតប្រយោជន៍របស់ម្នាក់ហ្នឹង ឬក៏ក្រុមរបស់ពួកហ្នឹង ដឹងស្រាប់ហើយក្រុមគាត់ជានរណាខ្លះ » ហើយខ្ញុំការងាររាល់ថ្ងៃ រវល់ណាស់ អត់មានពេលទៅជេរបញ្ជោរ ឬចំអកឡកឡើយតាមហ្វេសប៊ុកទេ «ខ្ញុំអត់ចេះចំអក ខ្ញុំអត់ចេះផ្លែផ្កាអីទេ ថាចំៗតែម្តង» ។ ក្នុងនោះអ្នកនាងបានលើកឡើងថា អ្នកខ្លះសម្តីដូចតាអាចារ្យ និងយាយជី ពោលគឺឡើងសុទ្ធតែរក្សភាពស្ងប់ រកក្តីសុខឲ្យខ្លួន តែខ្លួនឯងដើរចាក់រុក ក្បត់ហ្នឹងសម្តីខ្លួនឯង ចាប់ដៃជាន់ជើង ។
ជុំវិញបណ្តឹងដាក់ចូលសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែឧសភា ដែលដើមបណ្តឹងមានឈ្មោះថា រស់ សោភ័ណ្ឌ អាយុ ២៨ ឆ្នាំ ភរិយារបស់លោកឧត្តមសេនីយ៍ឯក មួង ឃីម ដែលជាអតីតប្តីអ្នកនាងម៉េង កែវពេជ្ជតានោះ គឺទាមទារសំណងជំងឺចិត្ត ១០០ រៀលពីតារាចម្រៀងស្រីរូបនេះ និងទាមទារឲ្យ អ្នកនាងម៉េង កែវពេជ្ជតា ធ្វើការសុំទោសជាសាធារណៈ ។អ្នកនាងបានបញ្ជាក់ថា «ខ្ញុំចាំមើលតើ (ដីកានោះ) ។ មានពិបាកអី ទារជំងឺចិត្ត ១០០ រៀលហ្នឹង។ កិត្តិយសជំទាវម្នាក់ស្មើនឹងលុយ ១០០ (រៀល) ហ្នឹង ខ្ញុំមានពិបាកអី ។ បើចង់បាន ខ្ញុំឲ្យលុយហ្នឹង តែរឿងសុំទោស ដេកចាំទៅ ។ ១០ ជាតិទៀតគ្មានពេជ្ជតា សុំទោសផង ។ ហ៊ឹះ គ្មានបានទទួលពាក្យហ្នឹងទេចាស សូមជម្រាបប៉ុណ្ណឹង» ៕