ពលរដ្ឋ និងនិស្សិតកម្ពុជា៦០នាក់នឹងដឹកពីឥណ្ឌាមកកម្ពុជាវិញនៅថ្ងៃស្អែក

(ភ្នំពេញ) ៖ យន្តហោះមួយគ្រឿងនឹងដឹកពលរដ្ឋ និងនិស្សិតកម្ពុជាចំនួន៦០នាក់ពីឥណ្ឌាមកម្ពុជាវិញនៅថ្ងៃទី១២ ខែមិថុនា ស្អែកនេះ ហើយពលរដ្ឋឥណ្ឌានឹងបានត្រឡប់ទៅស្រុកវិញ តាមជើងយន្តហោះ នៅថ្ងៃទី១១ ខែមិថុនានេះ និងមួយជើងទៀត នៅថ្ងៃទី១៩ ខែមិថុនា ដែលមានចំនួនសរុប ២៨០នាក់ ។ នេះ គឺជាលទ្ធផលមួយក្នុងចំណោមលទ្ធផលសំខាន់ជាច្រើនសម្រេចបាន ក្រោយការជួបសន្ទនាតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយឯកឧត្តម ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា នារសៀលថ្ងៃទី១១ មិថុនានេះ ហើយពលរដ្ឋឥណ្ឌាមួយចំនួនបានត្រឡប់ទៅស្រុកហើយដែរ ។

យោងតាមប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានបញ្ជាក់ថា នៅវេលាម៉ោង១៨និង៤៥ នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ បានជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម ណារិនដ្រា ម៉ូឌី ដើម្បីពិភាក្សាអំពីការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងពីទំនាក់ទំនងទ្វេភាគី និងតំបន់ ។ ឯកឧត្តម ម៉ូឌី បានសម្តែងនូវសេចក្តីរីករាយដែលបានជួបពិភាក្សាគ្នាជាមួយ សម្តេច ដែលជាមិត្តរបស់ឥណ្ឌា ក្នុងគ្រាដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំងកូវីដ-១៩ ។ ឯកឧត្តម ម៉ូឌី បានកោតសរសើរ សម្តេច និងរាជរដ្ឋាភិបាលកម្ពុជាចំពោះការគ្រប់គ្រងយ៉ាងល្អប្រសើរនូវជម្ងឺកូវីដ-១៩ ដែលអាចជាគំរូមួយសម្រាប់ពិភពលោក ។ ប្រភពដដែលបានបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការគោរពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តមនាយករដ្ឋមន្ត្រី ម៉ូឌី និងរដ្ឋាភិបាលឥណ្ឌាក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ហើយក៏បានចូលរួមរំលែកមរណទុក្ខចំពោះការបាត់បង់ជីវិតពលរដ្ឋឥណ្ឌាជាច្រើនដោយសារជំងឺនេះ ។

ជាមួយគ្នានោះផងដែរ សម្តេចតេជោ និងឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌាបានអរគុណគ្នាទៅវិញទៅមកចំពោះការយកចិត្តទុកដាក់ និងសម្រួលដល់ការធ្វើដំណើរត្រឡប់ទៅស្រុកវិញ នៃពលរដ្ឋរៀងខ្លួនដែលជាប់នៅប្រទេសមួយទៀត ។ យន្តហោះមួយគ្រឿងនឹងដឹកពលរដ្ឋ និងនិស្សិតកម្ពុជាចំនួន៦០នាក់ ពីឥណ្ឌាមកម្ពុជាវិញ នៅថ្ងៃទី១២ ខែមិថុនានេះ ហើយពលរដ្ឋឥណ្ឌា នឹងបានត្រលប់ទៅស្រុកវិញតាមជើងយន្តហោះ នៅព្រឹកថ្ងៃទី១១ ខែមិថុនានេះ និងមួយជើងទៀត នៅថ្ងៃទី១៩ ខែមិថុនា ដែលមានចំនួនសរុប ២៨០ នាក់ ។

ថ្នាក់ដឹកនាំទាំងពីរ ឯកភាពគ្នាថា ដំណើរទៅមុខដើម្បីស្តារស្ថានភាពសេដ្ឋកិច្ចសង្គមក្រោយ កូវីដ-១៩ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលជាអន្តរជាតិកាន់តែខ្លាំងជាងមុន ។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានប្តេជ្ញាបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត ដោយឯកឧត្តម នាយករដ្ឋមន្ត្រីឥណ្ឌា ចាត់ទុកប្រទេសកម្ពុជា ថាជាផ្នែកដ៏សំខាន់មួយនៃនយោបាយ ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា (Act East Policy)។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកសរសើរអំពីតួនាទីអន្តរជាតិដ៏សំខាន់របស់ឥណ្ឌា ហើយក៏បានគាំទ្រដល់ឥរិយាបថមនុស្សធម៌ និងសមត្ថភាពរបស់ឥណ្ឌា ក្នុងការផលិតថ្នាំពេទ្យ ដែលក្នុងរយៈពេល២ខែចុងក្រោយនេះ បានផ្គត់ផ្គង់ថ្នាំ ជូនប្រទេសប្រមាណ១៣០ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds