(ព្រះសីហនុ)៖ បិទផ្លូវជាតិលេខ៤ បន្ទាប់ពីអាជ្ញាធរចុះរុះរើសំណង់អនាធិបតេយ្យ នៅលើដីមានម្ចាស់ក្នុងខេត្តព្រះសីហនុ
(ព្រះសីហនុ)៖ មានករណីតវ៉ាបិទផ្លូវមួយ នៅលើផ្លូវជាតិលេខ៤ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះស្ថិតនៅឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្ទាប់ពីអាជ្ញាធរបានចុះរុះរើនូវសំណង់អនាធិបតេយ្យ ដែលក្រុមអនាធិបតេយ្យបានសាងសង់នៅលើដីដែលមានម្ចាស់កាន់កាប់។
លោកអភិបាលស្រុកព្រៃនប់ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ដើម្បីចុះរុះរើសំណង់អនាធិបតេយ្យ នៅឃុំបិទត្រាំង ស្រុកព្រៃនប់ តែនៅពេលដែលអាជ្ញាធរចុះរុះរើ ស្រាប់តែក្រុមអនាធិបតេយ្យ ដែលបានទៅចាប់ដី នៅលើដីមានម្ចាស់នេះបាននាំគ្នាតវ៉ាកាប់ដើមឈើផ្ដួលយកទៅបិទផ្លូវជាតិលេខ៤ ដែលបណ្តាលឱ្យមានការកកស្ចះចរាចរណ៍មួយស្របក់។ ក្រោយពីមានករណីនេះកើតឡើង អាជ្ញាធរនៃស្រុកព្រៃនប់បានចុះធ្វើការសម្របមស្រួលដល់ក្រុមអនាធិបតេយ្យដែលមានមេខ្យល់ដែលនៅពីក្រោយឱ្យបានយល់ដឹងអំពីទង្វើខុសច្បាប់របស់ពួកគាត់ ហើយពួកគាត់បានដកថយទៅវិញ និងបើកឲ្យធ្វើការចរាចរណ៍ផ្លូវជាតិលេខ៤ឡើងវិញជាធម្មតា៕
អត្ថបទ៖ សីហា