សម្តេចតេជោ ហ៊ុន សែន ៖ ពលរដ្ឋកម្ពុជាត្រូវបន្តប្រុងប្រយ័ត្ន បង្ការការពារជាប់ជានិច្ច ចំពោះជំងឺកូវីដ១៩
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្តក្រើនរំលឹកប្រជាពលរដ្ឋឱ្យបន្តយកចិត្តទុកដាក់អនុវត្តន៍វិធានអនាម័យរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ១៩នេះ។ នៅលើ Facebook នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ទោះបីកម្ពុជាចំនួនអ្នកបានព្យាបាលជាមានចំនួនច្រើន ហើយអត្រាឆ្លងរោគក៏មិនបានកើនឡើងខ្លាំងក៏ពិតមែន ប៉ុន្តែមិនត្រូវធ្វេសប្រហែសមើលស្រាលបណ្តែតបណ្តោយខ្លួនឱ្យងាយរងគ្រោះថ្នាក់ដែរ។
សម្តេចតេជោ បានរំលឹកយ៉ាងដូច្នេះថា «ជារៀងរាល់ថ្ងៃសូមបងប្អូនជនរួមជាតិមានការប្រុងប្រយ័ត្នថែរក្សាសុខភាពឱ្យបានល្អចូលរួមទប់ស្កាត់កុំឱ្យឆ្លងរោគកូវីដ១៩ ទាំងពីយើងទៅគេ និងពីគេមកយើង។ ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩នេះ គឺឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់។ ដូចបងប្អូនបានឃើញស្រាប់ហើយមានប្រទេសជាច្រើននៅលើពិភពលោកកំពុងបិទប្រទេស បិទព្រលានយន្តហោះ បិទសាលារៀនរួមទាំងនៅកម្ពុជាយើងផងដែរ»។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បន្តសូមឱ្យប្រជាពលរដ្ឋឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែលឬទឹកអាល់កុល ហើយពាក់ម៉ាសការពារដោយមិនត្រូវខ្មាស់អៀន ឬស្មានៗគិតថាមិនមានអ្វីឆ្លងទេ ឬគិតថាកម្ពុជាមានសីតុណ្ហភាពក្តៅខ្លាំងអាចសម្លាប់មេរោគកូវីដនេះបាននោះឡើយ។
សូមបញ្ជាក់ថា មកដល់ត្រឹមថ្ងៃទី១០ ខែមិថុនា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២៦នាក់។ ក្នុងនោះអ្នកជំងឺ ១២៤នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ នៅសល់តែពីរនាក់ទៀតប៉ុណ្ណោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ សម្រាប់នៅលើពិភពលោកវិញ មកដល់ថ្ងៃនេះ មានអ្នកឆ្លងរហូតដល់ជាង ៧លាននាក់ និងស្លាប់ជាង ៤១ម៉ឺននាក់ហើយ។ ការរីករាលដាលនៃជំងឺឆ្លងសាកលមួយនេះ មិនទាន់មានសភាពថមថយនៅឡើយនោះទេ៕