មហាសេដ្ឋីចិន Jack Ma មានដំបូន្មានសំខាន់៣យ៉ាងសម្រាប់អ្នកចង់បើកអាជីវកម្ម?
(បរទេស)៖និយាយពីឈ្មោះ Jack Ma នេះ មានមនុស្សមិនតិចនោះទេ ដែលបានស្គាល់ មិនថាតែនៅកម្ពុជា ឬសកលលោក ពិសេសគឺយុវជនដែលចូលចិត្តការអាន ស្ដាប់អំពីការអប់រំក្នុងភាពជាអ្នកដឹកនាំ និងការធ្វើជំនួញតែម្ដង។ ខេមបូណូមីស សូមលើកយកនូវដំបូន្មានដ៏ល្អ ៣ចំណុចរបស់ស្ថាបនិកក្រុមហ៊ុនយក្ស អាលីបាបា លោក Jack Ma មកបង្ហាញជូនលោកអ្នក ដែលមានបំណងក្លាយជាសហគ្រិន ឬកំពុងតែមានប្រតិបត្តិការអាជីវកម្មថ្មីថ្មោង សម្រាប់យកទៅពិចារណា។ មហាសេដ្ឋីចិន ដែលកំពុងមានឈ្មោះបោះសំឡេង ដោយសារតែវោហារស័ព្ទចាក់ទឹកមិនលេចក្នុងការផ្ដល់នូវគំនិតពិចារណា ក៏ដូចជាដំបូន្មានល្អៗសម្រាប់ការធ្វើជំនួញនោះ បានលើកឡើងថា បើសិនជាអ្នកកំពុងតែមានចិត្តពុះកញ្ជ្រោលខ្លាំងចង់បើកអាជីវកម្ម ឬកំពុងចាប់ផ្ដើមអាជីវកម្ម មានគំនិតគន្លឹះ៣ចំណុច ដែលអ្នកត្រូវតែយកទៅពិចារណា បើមិនចង់ខាតបង់ប្រាក់ លង់ប្រាណ ក្នុងការធ្វើជំនួញ។ គំនិតគន្លឹះទាំង៣នេះ មានដូចជា៖
១- រៀនពីកំហុសរបស់អ្នកដទៃ តែកុំរៀនពីជោគជ័យរបស់អ្នកដទៃ
មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិ ៣៩ពាន់លានដុល្លារអាមេរិក លោក Jack Ma បានលើកឡើងថា ក្នុងនាមជាអាជីវកម្មខ្នាតតូចថ្មីថ្មោង អ្នកត្រូវរៀនពីកំហុសរបស់អ្នកដទៃ ដែលធ្លាប់បរាជ័យក្នុងជំនួញឲ្យច្រើន តាមដែលអាចធ្វើទៅបាន។ ប៉ុន្ដែ កុំរៀនពីរឿងជោគជ័យរបស់អ្នកដទៃ ឬអនុវត្តតាមដានជើងជោគជ័យរបស់អ្នកដទៃ។ លោកបានពន្យល់ថា គ្រូកីឡាបាល់បោះតែងបង្រៀនសិស្សរបស់ពួកគេពីផ្លូវ ឬវិធីសាស្ត្រដើម្បីយកជោគជ័យ ឬយកឈ្នះក្នុងការប្រកួត។ ប៉ុន្ដែ សម្រាប់ការធ្វើជំនួញ អ្នកត្រូវតែរៀនពីកំហុសរបស់អ្នកបរាជ័យឲ្យបានច្រើន ត្រូវដឹងពីមូលហេតុអ្វីបានជាគេបរាជ័យ? ព្រោះមនុស្សបរាជ័យភាគច្រើន ត្រូវបានបរាជ័យដោយសារតែហេតុផលដូចៗគ្នា។ ប៉ុន្ដែ ផ្លូវនៃការដើរទៅរកជោគជ័យរបស់បុគ្គលម្នាក់ គឺមិនដូចគ្នានោះទេ។ ដូច្នេះ បើអ្នកអាចរៀនសូត្របានកាន់តែច្រើនពីភាពបរាជ័យទាំងនោះ នោះអ្នកនឹងមានសង្ឃឹមដើម្បីបោះជំហានទៅមុខ សម្រាប់ឈានទៅរកវិថីជោគជ័យដែលជារបស់ខ្លួនឯង។
២- កុំរៀនពីកំពូលមនុស្សជោគជ័យ តែត្រូវរៀនពីមនុស្សនៅជុំវិញខ្លួនឲ្យអស់សិន
«កុំចេះតែរៀនពី Bill Gates, Steve Jobs ឬ Jack Ma អី! តែត្រូវរៀនពីមនុស្សនៅជុំវិញខ្លួនអ្នក អ្នកជិតខាងអ្នកឲ្យបានច្រើនសិន។ អ្នកខ្លះធ្វើការដូចតែអ្នកដែរ ហេតុអីគេអាចធ្វើបានប្រសើរជាងអ្នក? និងទទួលបានលទ្ធផលល្អជាងអ្នក? ត្រូវរកឲ្យឃើញចម្លើយសម្រាប់សំណួរទាំងនេះ។» នេះ គឺជាការលើកឡើងដោយសង្កត់ធ្ងន់ ពីលោក Jack Ma តារាជំនួញក្នុងដួងចិត្តរបស់យុវជន សម្រាប់អ្នកយកទៅគិតពិចារណា។
៣- ត្រូវសង់ដំបូលផ្ទះឲ្យបានរួចរាល់ ទាន់នៅមិនទាន់មានភ្លៀងធ្លាក់
លោក Jack Ma បានលើកឡើងថា ត្រូវត្រៀមខ្លួនជានិច្ចមិនថាកំពុងស្ថិតក្នុងស្ថានការណ៍ល្អ ឬអាក្រក់នោះឡើយ ពោលគឺ ត្រូវសង់ដំបូលផ្ទះឲ្យបានរួចរាល់ កុំចាំដល់មានភ្លៀង ឬព្យុះបោកបក់ ទើបគិតទៅរកសង់ដំបូល។ នៅពេលដែលក្រុមហ៊ុនកំពុងដំណើរការល្អ អ្នកត្រូវគិតរកវិធីសាស្ត្រដើម្បីផ្លាស់ប្តូរក្រុមហ៊ុនឲ្យកាន់តែល្អប្រសើរថែមទៀត កុំនៅស្ងៀមសម្ងំសោយសុខ ព្រោះក្ដីសុខនោះនឹងមិនអាចស្ថិតស្ថេរបានយូរឡើយ បើអ្នកមិនមានការផ្លាស់ប្តូរ ឬវិវឌ្ឍខ្លួនទៅមុខ។ ប៉ុន្ដែ បើក្រុមហ៊ុនកំពុងជួបបញ្ហាត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ កុំហក់លោតខ្លាំងពេក ត្រូវមានការអត់ធ្មត់ និងដោះស្រាយសន្សឹមៗរង់ចាំឲ្យភាពអាក្រក់នោះចេញទៅផុតសិន សឹមបន្តដំណើរការផ្លាស់ប្តូរទៅមុខទៀត។ វាដូចជា ខ្យល់ព្យុះកំពុងបោកបក់មករកផ្ទះរបស់អ្នកដែរ ត្រូវចេះរកកន្លែងលាក់ខ្លួន ឬទីសុវត្ថិភាព កុំឡើងទៅជួសជុលដំបូលពេលមានព្យុះ ព្រោះអ្នកនឹងត្រូវអន្តរាយកាន់តែធំជាងមុន។ មហាសេដ្ឋីពិភពលោក លំដាប់ទី២០ រូបនេះ បានបញ្ជាក់ទៀតថា រាល់ពេលដែលបុគ្គលិករបស់លោកកំពុងសប្បាយចិត្ត សាទរនឹងសមិទ្ធផលរបស់ក្រុមហ៊ុន នោះគឺជាសញ្ញាមួយដែលបង្ហាញថា លោកត្រូវរកវិធីសាស្ត្រដើម្បីផ្លាស់ប្តូរក្រុមហ៊ុនបន្តទៅមុខទៀតហើយ។ លោក Jack Ma បានគូសបញ្ជាក់ថា ជាក្រុមហ៊ុនតូច អ្នកនឹងមិនមានពេលវេលាសោយសុខបានយូរនោះឡើយ នេះគឺជាអ្វីដែលអ្នកត្រូវចងចាំ៕