ពិតជាគួរឱ្យសរសើរមែន បុរសខ្មែរវ័យចំណាស់ម្នាក់ កាត់ធុងសាំងមកច្នៃបង្កើតជារថយន្តធុនតូច មើលទៅពិតជាមានភាពទាក់ទាញពីមហាជន
(កំពង់ចាម) ៖ ពិតជាគួរឱ្យសរសើរ ខណៈមានបុរសចំណាស់ម្នាក់រស់នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម មានគំនិតច្នៃប្រឌិតខ្ពស់ ដោយបានកាត់ធុងសាំងមកបង្កើតជារថយន្តធុនតូចងាយស្រួលជិះជាងម៉ូតូ ហើយនៅក្នុងប្រទេសកម្ពុជា មានតែមួយគ្រឿងនេះតែប៉ុណ្ណោះ។
បើតាមលោក ខៀវ ណាវី វ័យ៦៥ឆ្នាំ មានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី៧ មិថុនា២០២០ថា រថយន្តកែច្នៃធុនតូច១គ្រឿង ត្រូវបានផ្សំឡើងពីធុងសាំង ម៉ាស៊ីនម៉ូតូ C100 កូរ៉េ ដោយត្រូវបានដំឡើងក្នុងចុងឆ្នាំ២០១៩ និងរួចរាល់ក្នុងឆ្នាំ២០២០ ហើយចំណាយទឹកប្រាក់អស់ជាង១.០០០ដុល្លារ គឺបានបង្កើតឡើងដោយស្នាដៃរបស់គាត់តែម្នាក់គត់ សម្រាប់ជិះនៅក្នុងក្រុងកំពង់ចាម និងទៅចំការនៅឯទន្លេបិទ ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ បុរសចំណាស់ខាងលើ មានប្រសាសន៍បន្តថា ក្នុងពេលដែលគាត់បានបង្កើតឡើងរួចរាល់ដំបូងគឺបានជិះសាកល្បងផ្លូវជិតៗ ប្រសិនណាបើមានបញ្ហាអ្វីមួយនោះ គាត់នឹងដោះដូរកែច្នៃមិនឲ្យទើសចិត្តឡើយ។ រថយន្តធុនតូចនេះ ដែលបានកែច្នៃឡើងដោយដៃសុទ្ធសាធតែម្តង ហើយជិះបានចំនួន២នាក់ តែបើចង់ជិះ៤នាក់នោះគឺអាចធ្វើបានដោយកែប្រែទំហំឲ្យធំជាងនេះបន្តិច។ កន្លងទៅថ្មីៗ ក៏មានក្រុមហ៊ុនរថយន្តមួយនៅរាជធានីភ្នំពេញ បានចុះមកពិនិត្យមើលរថយន្តដែលគាត់បានដំឡើង និងសូមយកទៅតាំងពិព័រណ៍នៅរាជធានីភ្នំពេញ ដែរ តែគាត់មិនបានឆ្លើយតបនោះទេ។
ជាមួយនោះ គាត់ក៏ស្នើសុំឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ជួយចេញស្លាកលេខឱ្យរថយន្តដែលគាត់បានកែច្នៃនេះផងដែរ ដើម្បីងាយស្រួលធ្វើចរាចរណ៍នៅក្នុងក្រុងកំពង់ចាម និងជិះទៅកាន់កន្លែងផ្សេងៗទៀត។ ហើយដោយសារតែមើលឃើញពីស្នាដៃល្អរបស់គាត់ ក៏មានឧកញ៉ាម្នាក់នៅរាជធានីភ្នំពេញ មានគោលបំណងចង់កម្មង់ទិញចំនួន១០គ្រឿងទៀតផង ដោយក្នុងមួយគ្រឿងតម្លៃ២.៥០០ដុល្លារ ដែលធ្វើទៅស្អាតច្នៃឡើងពីម៉ាស៊ីន auto ។ បុរសចំណាស់ ខៀវ ណាវី បានបញ្ជាក់ថា ក្នុងពេលអនាគត បើមានក្រុមហ៊ុនណាមួយចង់បន្ដាក់ទុនដំឡើងរថយន្តដូចដែលគាត់បានកែច្នៃនេះ គឺស្វាគមន៍ជានិច្ច ហើយនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីឱ្យប្រទេសកម្ពុជាមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិ មិនចាញ់បណ្ដាលប្រទេសផ្សេងៗនោះទេ។
គួររំលឹកថា កាលពីក្នុងរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក្នុងគ្រានោះគាត់ជាអ្នកកែច្នៃម៉ាស៊ីនទី ប្រើឃ្យូងមកប្រើសាំង និងពីម៉ាស៊ីនប្រើម៉ាស៊ូត មកប្រើចំហាយទឹក ដែលមានស្រុក កំណើតនៅស្រុកចំការលើ ក្នុងខេត្តកំពង់ចាម។សូមបញ្ជាក់ថា រថយន្តធុនតូចទើបតែមានមួយគ្រឿងនេះ គឺមានលក្ខណៈដូចទៅនឹងរថយន្តដែរ ដោយអាចបើកទៅមុខ និងរ៉ឺយ៉ែថយក្រោយក៏បាន ឬបត់បែនបានដោយងាយ ស្រួលទៀត ហើយរថយន្តទី២ ដែលគ្រោងដំឡើងក្នុងពេលខាងមុខ និងដាក់ម៉ាស៊ីនប្រើលេខអូតូ ប្រសិនណាបើគាត់ខំប្រឹងដំឡើងនោះ ប្រើពេលមិនដល់១ខែទេនឹងរួចរាល់ហើយ៕