ទូច ស៊ុននិច ទទូចសុំកុំយល់ច្រឡំរឿងបាញ់ប្រហារនាងជារឿងស្នេហាត្រីកោណ
(សង្គមសិល្បៈ ) ៖ ជាថ្មីម្តងទៀតអតីតតារាចម្រៀងដ៏ល្បីល្បាញនាង ទូច ស៊ុននិច បានទទូចស្នើសុំដល់មហាជនមួយចំនួនបញ្ឈប់ការយល់ច្រឡំពីការបាញ់ប្រហារមកលើរូបនាងថា ជារឿងស្នេហាត្រីកោណ តទៅទៀត។ ទូច ស៊ុននិច ក៏បានស្នើសុំឱ្យបញ្ឈប់យកបញ្ហារបស់នាងមកផ្សព្វផ្សាយ ហើយមកភ្ជាប់ស្នេហាត្រីកោណ ត្បិតនាងមិនបានធ្វើរឿងរ៉ាវមួយនេះឡើយ។ ទូច ស៊ុននិច បានអះអាងតាមរយៈយូធូបបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ នេះថា ជាថ្មីម្តងទៀត នាងសុំស្នើឱ្យមហាជនមួយចំនួនដែលនៅតែយល់ច្រឡំពីការបាញ់ប្រហារមកលើរូបនាងថា «ជារឿងស្នេហាត្រីកោណ» ឱ្យបញ្ឈប់ការយល់ច្រឡំនេះទៀតទៅ។
នាងបានបញ្ជាក់ថា ក្នុងនាមជាតារាចម្រៀង និងជាសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរមួយរូប នាងមិនលក់ឧត្តមគតិខ្លួន ដើម្បីបម្រើអ្នកណាម្នាក់ឡើយ។ នាងថា នាង និងឪពុកម្តាយមិនដែលក្បត់ និងលក់ឧត្តមគតិ និងលក់កូនទៅឱ្យមប្រើអ្នកណាឡើយ ខណៈពេលដែលក៏បានធ្វើរឿងរ៉ាវណាមួយពាក់ព័ន្ធស្នេហាត្រីកោណនោះដែរ។ បើតាមនាង ទូច ស៊ុននិច បន្តថា ព្រឹត្តិការណ៍នៃការបាញ់ប្រហារយ៉ាងសាហាវមកលើរូបនាង និងម្តាយកាលពីឆ្នាំ២០០៣នោះ បានធ្វើឱ្យម្តាយរបស់នាងបាត់បង់ជីវិតយ៉ាងអាណោចអាធម ចំណែកនាងវិញបានធ្លាក់ខ្លួនពិការរហូតមកទល់សព្វថ្ងៃនេះ។ យ៉ាងណា បើទោះបីជាវាបានរំលងផុតទៅជាង១០ឆ្នាំមកហើយ ក៏នាងនៅមិនទាន់បានទទួលនូវពន្លឺយុត្តធម៌ក៏ដោយ ប៉ុន្តែនាងឃើញមហាជនខ្មែរយល់ច្រឡំថា ហេតុការណ៍នេះ គឺកើតឡើងដោយសារស្នេហាត្រីកោណនោះដែរ។ដោយឡែកពាក់ព័ន្ធបញ្ហាសុខភាពវិញ នាង ទូច ស៊ុននិច បានអះអាងថា នាងមានសុខភាពល្អធម្មតា គ្រាន់តែនាងនៅមិនទាន់អាចកម្រើកដៃជើងបាននៅឡើយ ហើយនាងមានទម្ងន់ប្រមាណត្រឹម៤០គីឡូប៉ុណ្ណោះ ពោលគឺមិនមែន៨០គីឡូដូចការចុះផ្សាយតាមបណ្តាញសារព័ត៌មានកន្លងមកនោះឡើយ។ ទូច ស៊ុននិច ក៏បានថ្លែងអំណរគុណដល់បណ្តាទស្សនិកជនខ្មែរទូទាំងពិភពលោក ដែលតែងតែសួរសុខទុក្ខពីសុខភាពរបស់នាង និងនៅបន្តគាំទ្របទចម្រៀងរបស់នាងដែលបានបង្ហោះតាមយូធូបជាបន្តបន្ទាប់មកនេះ៕