ឥណ្ឌាកាន់តែខ្លាំងឡើងហើយ! ត្រឹមតែរយៈពេល ១ថ្ងៃប៉ុណ្ណោះ រកឃើញអ្នកឆ្លងជំងឺ COVID-19 «៩,៨៨៧នាក់ថ្មីទៀត»
(ញូដេលី)៖ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃស្តីពីករណីឆ្លង និងស្លាប់ដោយសារ COVID-19 សម្រាប់ថ្ងៃសៅរ៍នេះ ឥណ្ឌាបានបំបែកកំណត់ត្រាសាជាថ្មីម្តងទៀតហើយដោយមានអ្នកឆ្លងថ្មីៗ រហូតដល់ ៩,៨៨៧ករណី និងករណីស្លាប់ថ្មីចំនួន ២៩៤នាក់ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០។
បើបូកបន្ថែមលើតួលេខខាងលើ វាធ្វើឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសឥណ្ឌា កើនដល់ ២៣៦,៦៥៧ករណី ដោយក្នុងនោះអ្នកជំងឺ ៦,៦៤២នាក់បានស្លាប់ និង ១១៤,០៧៣នាក់ទៀតបានជាសះស្បើយឡើងវិញ។ ប្រការនេះវាបានធ្វើឲ្យតួលេខនៃអ្នកជំងឺសកម្ម ឬអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្នមានចំនួន ១១៥,៩៤២នាក់។
គួរជម្រាបថា នៅចំពោះវិបត្តិសកលមួយនេះ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានប្រកាសដាក់ចេញវិធានការបិទទ្វារប្រទេសខាងលើនេះ តាំងពីថ្ងៃទី២៥ ខែមីនាមកម្ល៉េះ ដើម្បីទប់ទល់ការឆ្លងរាលដាលនៃជំងឺ COVID-19។ ប៉ុន្តែស្ថានការណ៍ COVID-19 នៅក្នុងប្រទេស ដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតលំដាប់ទី ២ លើលោកមួយនេះ ហាក់មិនទាន់ធូរស្រាយនៅឡើយទេ និងកាន់តែកើនឡើងថែមទៀត រហូតដល់អង្គការសុខភាពពិភពលោក (WHO) បានចេញសារព្រមាន ឲ្យតំបន់អាស៊ីខាងត្បូងមួយទាំងមូលបង្កើតការប្រុងប្រយ័ត្ន៕