តើមានរឿងអ្វីទៅ? តារាកំប្លែងនាយ ចេក ប្រកាសលក់ផ្ទះ?
(ពិភពសិល្បៈ) ៖ តារាកំប្លែងនាយ ចេក បានប្រកាសលក់ផ្ទះដែលខ្លួនកំពុងរស់នៅ ដើម្បីដោះស្រាយបំណុលធនាគារ ខណៈពេលដែលតារាកំប្លែងរូបនេះ បានបាត់បង់ឱកាសស្ទើរទាំងស្រុងក្នុងការសម្តែង ហើយតារាកំប្លែងរូបនេះរស់នៅដោយការលក់ដូរបន្តិចបន្តួចនៅរមណីយដ្ឋានគីរីរម្យនាពេលបច្ចុប្បន្ននេះ។
ផ្ទះដែលនាយចេកប្រកាសលក់នោះ មានទីតាំងនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល គឺជាប្រភេទផ្ទះឈើប្រក់ស័ង្កសី ខាងក្រោមថ្ម ដោយតារាកំប្លែងរូបនេះបានប្រកាសលក់ក្នុងតម្លៃប្រមាណ១៧ម៉ឺនដុល្លារ។ នាយ ចេក បានអះអាងប្រាប់តាមសារអេឡិចត្រូនិចថា លោកបានសម្រេចលក់ផ្ទះនាពេលនេះ ដើម្បីសងទៅធនាគារដែលលោកបានជំពាក់ក្នុងពេលដែលលោកមិនអាចរកចំណូលបានអ្វីបានច្រើនក្នុងពេលនេះ ទើបមិនមានអ្វីដោះស្រាយក្រៅពីលក់ផ្ទះ។ លោកថា ពូចង់លក់ដើម្បីដោះស្រាយបញ្ហាបំណុល ព្រោះឥឡូវមិនសូវមានចំណូលដូចពីមុនទេក្មួយ ទើបបានជាដាច់ចិត្តលក់ផ្ទះ ព្រោះពូគ្មានអ្វីដោះស្រាយក្រៅពីផ្ទះនឹងទេ។ លោកបញ្ជាក់ថា បើសិនជាលោកលក់ដាច់ផ្ទះនេះ លោកអាចនឹងត្រឡប់ទៅរស់នៅឯនៅស្រុកកំណើតនាខេត្តតាកែវ ព្រោះនៅស្រុកកំណើតដីអាចថោកជាងនៅជាយក្រុង ប៉ុន្តែយ៉ាងណា លោកត្រូវរង់ចាំសិនថា តើអាចនៅសល់ប្រាក់ប៉ុន្មាន? ក្រោយលក់ផ្ទះដាច់ ហើយសងធនាគារនោះ។
នាយ ចេក បានឲ្យដឹងបន្ថែមថា លោកបានជំពាក់បំណុលធនាគារប្រមាណជិត2ម៉ឺនដុល្លារ ដោយលោកទើបតែបង់បាន១ឆ្នាំនៅសល់៨ឆ្នាំទៀត និងបំណុលឯកជនខ្លះទៀត ហើយមូលហេតុដែលលោកជំពាក់គេនេះ គឺមកពីលោកបានខ្ចីគេយកមកទិញឡានកូរ៉េ ដើម្បីដឹកផ្លែឈើមកលក់ តែរកអីមិនបានខាតរហូត ហើយឡានចេះតែខូចលក់យូរទៅក៏លក់ឡានសងគេមិនគ្រាន់ផង។ លោកបញ្ជាក់ថា ប្រសិនបើការលក់ផ្ទះដាច់ ហើយសងធានាគារអស់ រួចនៅសល់ប្រាក់ខ្លះនោះ លោកនឹងទៅនៅស្រុក ហើយទិញដីស្រែសម្រាប់បង្កបង្កើនផល និងរកទិញតូបឱ្យកូនលក់នៅផ្សារព្រៃល្វា៕