អង្ករកម្ពុជា នឹងកាន់តែមានទីផ្សារច្រើននាពេលខាងមុខ ព្រោះមានក្រុមហ៊ុនចិនកាន់តែច្រើនបន្តចាប់អារម្មណ៍ទិញ
(ភ្នំពេញ) ៖ អង្ករកម្ពុជាត្រូវបានទទួលស្គាល់គុណភាពជាលក្ខណៈអន្តរជាតិ បណ្ដាក្រុមហ៊ុនបរទេសជាច្រើនបានចាប់ផ្ដើមបញ្ជាទិញអង្ករពីកម្ពុជាទៅផ្គត់ផ្គង់លើទីផ្សារប្រទេសខ្លួន ជាក់ស្ដែងក្រុមហ៊ុនចិនជាច្រើនបានចាប់អារម្មណ៍ទិញអង្ករពីកម្ពុជាបន្ថែមទៀត ជាពិសេសនៅពេលកម្ពុជានិងចិនបញ្ចប់កិច្ចចរចាពាណិជ្ជកម្មសេរីជាមួយគ្នានិងចាប់ផ្ដើមអនុវត្តន៍ជាផ្លូវការនោះ ។
យោងតាមកិច្ចចរចាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តាមរយៈវីដេអូអនឡាញកាលពីថ្ងៃទី០៣ រវាងកម្ពុជា និងចិន លោកឧកញ៉ា សុង សារ៉េន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងពីសក្ដានុពលនៃទីផ្សារអង្ករកម្ពុជា នៅក្នុងប្រទេសចិន ហើយក៏មានការគាំទ្រពីខាងភាគីចិន ព្រមទាំងមានការចាប់អារម្មណ៍លើផលិតផលអង្ករកម្ពុជា ពីសំណាក់ក្រុមហ៊ុនចិនផងដែរ ។ តាមរយៈលទ្ធផលនេះ បានក្លាយជាឱកាសដ៏ល្អមួយសម្រាប់កម្ពុជា ក្នុងការពង្រីកបរិមាណនៃការនាំចេញអង្កររបស់ខ្លួនទៅកាន់ប្រទេសចិន ហើយក៏អាចស្នើភាគីចិនបន្ថែមកូតានាំចូលអង្ករកម្ពុជាបន្ថែមទៀត ។ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានអោយដឹងថា នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ចាប់ផ្ដើមអនុវត្តន៍ នោះវានឹងធ្វើអោយកម្ពុជាអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិនបានច្រើនថែមទៀតមិនថាតែផលិតផលអង្ករនោះទេរួមទាំងស្វាយនិងផលិតផលផ្សេងៗដែរ។លោកថា៖« សម្រាប់ការចាប់អារម្មណ៍ពីក្រុមហ៊ុនចិន មកលើអង្ករកម្ពុជានោះគឺវាពិតបែបនេះមែន ប៉ុន្តែបញ្ហានោះទិញលក់នោះ នឹងត្រូវជជែកគ្នាតាមក្រោយជាពិសេសទៅលើតម្លៃដែលភាគីចិនហ៊ានទិញពីកម្ពុជា » ។
លោកបន្តថា ក្នុងឆ្នាំ ២០២០នេះឧស្សាហកម្មស្រូវអង្ករកម្ពុជា ហាក់ទទួលបានកំណើនល្អប្រសើរ ជាពិសេសនោះគឺការនាំចេញទៅកាន់ទីផ្សារអន្តរជាតិជាក់ស្ដែងក្នុងរយៈពេល៥ខែ ដើមឆ្នាំ ២០២០នេះ ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេសមានកំណើនជាង៤០ភាគរយ ហើយវាជាកំណើនមួយខ្ពស់បំផុតក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ។ លទ្ធផលនៃការនាំចេញសម្រាប់រយៈពេល៥ខែដើមឆ្នាំ ២០២០នេះអាចនឹងធ្វើអោយ ការនាំចេញសម្រាប់ឆ្នាំ ២០២០ទាំងមូលជិតសម្រេចផែនការ១លានតោនក្នុងមួយឆ្នាំ បាន ។ លោកថា៖« សម្រាប់ឆ្នាំនេះ បើមិនបាន១លានតោនក៏អាចសម្រេចបានក្នុងរង្វង់លើស៨០ម៉ឺនតោនឬ ជិត៩០ម៉ឺនតោនដែរ ចំពោះការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ »។ លោកបន្ថែមថា ឧស្សាហកម្មអង្ករកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំទទួលបានកំណើនដោយសារតែកត្តាមួយចំនួន ជាពិសេសក្នុងឆ្នាំ ២០២០នេះ ។ ជំងឺកូវីដ១៩នៅលើពិភពលោកក៏ជាផ្នែកមួយនៃឱកាសសម្រាប់ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិផងដោយ ពីព្រោះតែតម្រូវការអង្ករលើប្រទេសជាច្រើនបានកើនឡើងធ្វើអោយការនាំចេញរបស់កម្ពុជាក៏កើនឡើងដូចគ្នា ។
មួយវិញទៀតដោយសារតែគុណភាពអង្ករកម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិក៏ជំរុញអោយប្រទេសទាំងនេះ ងាកមកនាំចូលពីកម្ពុជា ខណៈកម្ពុជាក៏មានលទ្ធភាពក្នុងការផ្គត់ផ្គង់អង្ករទៅកាន់ប្រទេសទាំងនោះផងដែរ ព្រោះបច្ចុប្បន្នកម្ពុជា មានរោងម៉ាស៊ីនកិនស្រូវមានឡ សម្ងួត និងឃ្លាំងស្តុក ដោយមិនខ្វះខាតដូចមុនទៀតឡើយ ។ម្យ៉ាងទៀតកម្ពុជាក៏មានបទពិសោធន៍ក្នុងការដឹកជញ្ជូនទំនិញទៅកាន់គោលដៅបានច្បាស់ល្អផងដែរ រយៈពេល១០ឆ្នាំមកនេះ ។ អ្វីដែលពិសេសនោះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ចំពោះវិស័យស្រូវអង្ករកម្ពុជាផងដែរ ដោយបានលើកទឹកចិត្តដល់អ្នកនាំចេញនិងផ្ដល់ជាទុនមួយចំនួនផងដែរ សម្រាប់រោងម៉ាស៊ីន តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ។ លោកបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាអាចមានលទ្ធភាពក្នុងការផ្គត់ផ្គង់អង្ករជុំវិញ១លានតោនទៅកាន់ទីផ្សារក្រៅប្រទេស ដូច្នេះកម្ពុជារំពឹងថាឆ្នាំ២០២១ ឬឆ្នាំ២០២២ខាងមុខផែនការនាំចេញអោយបាន១លានតោនទៅកាន់ទីផ្សារ ។
គួរបញ្ជាក់ថា ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ ២០២០ កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារបរទេសបានប្រមាណ ៣៥ម៉ឺនតោន និងរកចំណូលបានជាង២៤១លានដុល្លារអាមេរិក ។ការនាំចេញអង្ករកម្ពុជា រយៈពេល៥ខែនេះមានកំណើនជាង៤២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ កន្លងទៅក្នុងនោះចិននៅតែជាទីផ្សារនាំមុខគេសម្រាប់អង្ករកម្ពុជា ៕