កូរ៉េខាងជើង៖ អាមេរិកគ្មានតួនាទីអ្វី ទៅរិះគន់ចិនរឿងហុងកុងឡើយ ខណៈនៅវ៉ាស៊ីនតោន ត្រាំ បានព្រមានព្រលែងសុនខ ឲ្យបង្ក្រាបក្រុមបាតុករនោះ

(សេអ៊ូល)៖ កាសែតរដ្ឋដ៏ធំរបស់កូរ៉េខាងជើង បានចេញផ្សាយបទអត្ថាធិប្បាយមួយថា សហរដ្ឋអាមេរិកគ្មានតួនាទីអ្វី ទៅរិះគន់ប្រទេសចិនជុំវិញបញ្ហាហុងកុង ឬក៏សិទ្ធិមនុស្សនោះឡើយ ខណៈនៅទីក្រុងវ៉ាស៊ីនតោនខ្លួនឯង ប្រធានាធិបតីបែរជាព្រមានព្រលែងសត្វសុនខ ឲ្យទៅបង្ក្រាបក្រុមបាតុករដែលចង់សម្រុកចូលសេតវិមាន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០។

ការឆ្លើយតបរបស់ស្ថាប័នកិច្ចអន្តរជាតិ នៃគណបក្សពលករកូរ៉េ (WPK) ដែលត្រូវបានចុះផ្សាយដោយកាសែតរដ្ឋកូរ៉េខាងជើងខាងលើនេះ ត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹង រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ ដែលបានចាត់ទុកការត្រៀមអនុម័តច្បាប់សន្តិសុខជាតិថ្មីរបស់ចិន ដើម្បីដាក់ឲ្យអនុវត្តលើទីក្រុងហុងកុងនោះថា ជាការបំផ្លាញ «ទស្សនលោកខាងលិច, ប្រជាធិបតេយ្យលោកខាងលិច, តម្លៃលោកខាងលិច និងធ្វើឲ្យអាមេរិកស្ថិតនៅក្នុងហានិភ័យ»។

អ្នកនាំពាក្យរបស់បក្សកាន់អំណាចតែមួយនៅកូរ៉េខាងជើង បានចាត់ទុកការលើកឡើង ពីសំណាក់រដ្ឋមន្ត្រីការបរទេសអាមេរិកនោះថា «ជាសម្តីគ្មានប្រយោជន៍»។ កូរ៉េខាងជើងក៏បានលើកឡើងអំពីការបង្ក្រាបបាតុកម្ម និងការរើសអើងពូជសាសន៍រវាងស និងខ្មៅ ដែលចាក់ឬសរាប់សតវត្សរ៍នៅទូទាំងសហរដ្ឋអាមេរិកផងដែរ ជាពិសេសនោះគឺការគំរាមប្រើសុនខ ទៅស្វាគមន៍ក្រុមបាតុករ ដែលធ្វើការតវ៉ា និងចង់សម្រុកចូលសេតវិមាន នៅវ៉ាស៊ីនតោននោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds