ក្រសួងសាធារណការ៖ មានរថយន្ដ ប្រហែល ៤០ម៉ឺនគ្រឿងទៀតនៅមិនទាន់បានមកឆៀក

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ចាប់តាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២០មក ចំនួនរថយន្តដែលបានមកឆៀកបានធ្លាក់ចុះជាបន្តបន្ទាប់ពីជាង ៤.០០០គ្រឿង មកត្រឹមជាង១.៥០០គ្រឿងប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលការធ្លាក់ចុះនេះ ស្មើនឹងប្រមាណជាង៦០% បើធៀបនឹងអំឡុងពេលរឹតបន្តឹងច្បាប់ចរាចរណ៍ដំបូង។ ទោះយ៉ាងណា បើតាមមន្ត្រីក្រសួងសាធារណការ នៅមានរថយន្ដប្រហេល ៤០ម៉ឺនគ្រឿងទៀត នៅមិនទាន់បានមកឆៀកនៅឡើយទេ។

ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូននៃក្រសួងសាធារណការបានប្រាប់សារព័ត៌មានខេមបូណូមីសថា ចំនួនរថយន្តដែលបានមកឆៀកទូទាំងប្រទេស គិតចាប់ពីពាក់កណ្តាលខែឧសភា រហូតមកដល់ពេលនេះ ថយចុះច្រើនគួរឲ្យកត់សម្គាល់។ ឯកឧត្តមបញ្ជាក់ថា «ខ្ញុំយល់ថា ចំនួនរថយន្តដែលមិនទាន់មកឆៀកនៅមានច្រើន ព្រោះថា បើយើងមើលនៅក្នុងប្រព័ន្ធរបស់ គឺនៅមានរថយន្តប្រហែល ៣០ ទៅ៤០ម៉ឺនគ្រឿងទៀត ដែលមិនទាន់បានមកឆៀក ខណៈដែលចាប់ពីពាក់កណ្តាលខែឧសភាហ្នឹងមកដល់ឥឡូវ អ្នកយករថយន្តមកឆៀកបានតែ៦.០០០ ទៅ៧.០០០គ្រឿងប៉ុណ្ណោះ អញ្ចឹងវានៅសល់ច្រើនទៀត»។ ចំពោះមូលហេតុដែលនាំឲ្យការយករថយន្តមកឆៀកនេះដែរ ត្រូវ ឯកឧត្តម ឈួន វ៉ន់ បញ្ជាក់ថា អាចដោយសារតែ មានការបន្ធូរបន្ថយខ្លះចំពោះការផាកពិន័យលើផ្នែកឆៀកយានយន្ត ព្រោះថាកន្លងទៅថ្នាក់ដឹកនាំធ្លាប់មានប្រសាសន៍ដែរថា ដោយសារការឆៀកមានកាកកស្ទះខ្លាំងដូចនេះ ទុកពេលឲ្យពលរដ្ឋយករថយន្តឆៀកសិន។

អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនក៏ស្នើដល់ពលរដ្ឋដែលមិនទាន់ឆៀករថយន្តរបស់ខ្លួន រួសរាន់យកមកឆៀកឲ្យបានមុនថ្ងៃទី១ខែកក្កដា ឆ្នាំ ២០២០ខាងមុខនេះ បើពុំដូច្នេះទេ នឹងទទួលការពិន័យផ្សេងមួយទៀតពីខាងក្រសួង គឺដាច់ដោយឡែកពីខាងប៉ូលីស។ ដោយការពិន័យរបស់មណ្ឌលឆៀកយាន្តគឺជាថ្ងៃ សម្រាប់រថយន្តធុនតូច ៥០០រៀលក្នុងមួយថ្ងៃ ហើយរថយន្តធុនធំ២.០០០រៀលក្នុងមួយថ្ងៃ។អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោករូបនេះធ្លាប់បានប៉ាន់ប្រមាណថា យានយន្តដែលបានចុះបញ្ជីទាំងអស់ទូទាំងប្រទេស គឺប្រហែល៦លានគ្រឿងហើយ ដោយក្នុងនោះ មានរថយន្តប្រមាណ១លានគ្រឿង ស្មើជិត២០% និង៨០% ជាទោចក្រយានយន្ត(ម៉ូតូ)៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds